(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំកម្ពុជា-វៀតណាមបច្ចុប្បន្ន ត្រូវបន្តខិតខំរក្សាប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីទុកជាមរតកសម្រាប់ជំនាន់ក្រោយនៃប្រទេសទាំងពីរ។

ការលើកឡើងរបស់ សម្តេចប្រមុខរដ្ឋស្តីទី បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសម្តេចទទួលជួប លោក ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ បាននាំមកនូវការពង្រឹកពង្រីកចំណងសាមគ្គីភាព មិត្តភាពជាប្រពៃ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងឱកាសនោះ លោក ឡេ ហាយជុង បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា នេះគឺជាលើកទី១ហើយ ដែលលោកបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ដំណើរទស្សនកិច្ចនេះស្របពេលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។

លោក ឡេ ហាយជុង បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ លោកបានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេស កម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលឈានមុខគេក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងបានស្តានិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស។

លោក ឡេ ហាយជុង បានគូសបញ្ជាក់ថា ប្រទេសវៀតណាមចាត់ទុកប្រទេសកម្ពុជា ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងបានប្រគៀកស្មាគ្នាក្នុងការប្រយុទ្ធប្រឆាំងសត្រូវដើម្បីបុព្វហេតុឯករាជ្យភាព អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

លោក ឡេ ហាយជុង សង្កេតឃើញថា រដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ។ ជាមួយគ្នានេះ លោកបានស្នើសុំឱ្យជំរុញសកម្មភាព និងការអនុវត្តកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដើម្បីពង្រឹកពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាការសហការគ្នាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងការងារបោះបង្គោលព្រំដែន ដើម្បីទទួលបានលទ្ធផលល្អថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ធ្វើឡើងស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។ ប្រទេសទាំងពីរបានរៀបចំកម្មវិធីសកម្មភាពជាច្រើន ដូចជាការថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំកំពូលបានផ្ញើសារគ្នាទៅវិញទៅមក ផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំមន្រ្តី ជាន់ខ្ពស់ អាជ្ញាធរខេត្ត ក្រុង។ ក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ ប្រជាជននៃប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់នូវវិញ្ញាសារដ៏លំបាកស្មុគស្មាញជាច្រើន ហើយបានរួមសាមគ្គីគ្នារឹងមាំប្រយុទ្ធប្រឆាំងសត្រូវរួមដើម្បីបុព្វហេតុឯករាជ្យភាព អធិបតេយ្យភាព បូរណភាព និងការរីកច្រើនរបស់ប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំបច្ចុប្បន្នត្រូវបន្តខិតខំរក្សាប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំជាងថែមទៀត ដើម្បីទុកជាមរតកសម្រាប់ជំនាន់ក្រោយនៃប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីពេញចិត្តចំពោះទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជនទាំងពីរ លើពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។ ទំនាក់ទំនងដ៏ល្អនេះមិនគ្រាន់តែនាំមកនូវការអភិវឌ្ឍប្រទេសទាំងពីរប៉ុណ្ណោះទេ នឹងទាំងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោកផងដែរ។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការដឹងគុណចំពោះកងទ័ព ប្រជាជន និងបក្សកុម្មុយនីស្តវៀតណាម ដែលតែងតែជួយគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវ យុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់។ សភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ខ្ជួនឥតងាករេ ដោយចាត់ទុកវៀតណាម គឺជាមិត្តល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ។ ប្រទេសកម្ពុជាគឺប្រទេសដែលគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ហើយបានកំពុងក្លាជាគោលដៅទេសចរណ៍សុវត្ថិភាព ដែលធ្វើឱ្យចំនួនទេសចរណ៍កើនឡើងជាបន្តបន្ទាប់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តឱ្យដល់រដ្ឋភិបាលនៃប្រទេសទាំងពីរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល នូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណយោគយល់គ្នាដែលបានចុះហត្ថលេខារួចហើយ ក្នុងន័យដើម្បីឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងឱ្យ សម្រេចនូវចក្ខុវិស័យដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រចរួមគ្នា។

ក្នុងនាមនាមប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះសមិទ្ធផលដ៏ធំធេងដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមស្រេចបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម។ សម្តេចមានជំនឿថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត ក្នុងការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី១៣នៃបក្សកុម្មុយនីស្តវៀតណាម។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងរដ្ឋសភាវៀតណាម ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងនៅលើឆាកអន្តរជាតិ ដូចជា នៅក្របខ័ណ្ឌ IPU, AIPA, APF, APPF និង CLV ជាដើម។

តាមរយៈគណៈប្រតិភូ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីនឹករលឹក និងសេចក្តីគោរព ជូនលោកប្រធានរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយម វៀតណាមទាំងអស់។ សម្តេចបានប្រសិទ្ធពរជូនពរគណៈប្រតិភូ មានសុខភាពល្អ និងដំណើរទស្សនកិច្ចនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកបដោយជោគជ័យ៕