(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកទឹកចិត្តដល់លោក អាប់ឌូឡា សាហ៉ីដ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសម៉ាល់ឌីវ អញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។

ក្នុងកម្មវិធីទទួលជួប ជាមួយមន្ត្រីអង្គការសហប្រជាជាតិ នៅទីស្តីការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រដ្ឋលេខាធិការប្រចាំការ បានឆ្លៀតរៀបរាប់ពីភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្ត ក៏ដូចជាបង្ហាញពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលធ្លាប់ជាអាណាចក្រដ៏ធំនៅតំបន់អាស៉ីអាគ្នេយ៍ គឹចក្រភពអង្គរ ទៅកាន់ភ្ញៀវ។

«ខ្ញុំសង្ឃឹមថា ឯកឧត្តម បានឈ្វេងយល់ពីប្រាសាទអង្គរវត្ត អំឡុងពេលបំពេញទស្សនកិច្ចការងារនៅកម្ពុជា»។ នេះជាការថ្លែងរបស់ លោក អ៊ុច បូររិទ្ធ។

ចំណែកឯមន្ត្រីអង្គការសហប្រជាជាតិ បានបង្ហាញក្តីរីករាយ ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

លោក អាប់ឌូឡា សាហ៉ីដ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២១ ខែសីហា។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក អាប់ឌូឡា សាហ៉ីដ ក៏អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕