(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា លោក ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានវាយតម្លៃខ្ពស់លើការរីកចម្រើន លើគ្រប់វិស័យយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ លោក ឡេ ហាយជុង ក៏បានកើតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការឈានមុខគេក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការស្តា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ឡើងវិញយ៉ាងឆាប់រហ័សផងដែរ។

ថ្លែងនាឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ឡេ ហាយជុង និងគណៈប្រតិភូ បានរួមចំណែកក្នុងការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕