(ជប៉ុន)៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជាអធិបតីបើកការប្រកួតបាល់ទាត់រវាងក្រុម Shimizu S-Pulse និង Kashiwa Reysol នៃលីគកំពូលជប៉ុន (Japan League) ជាមួយនឹងការប្រសិទ្ធិនាមការប្រកួតនេះថាជា «ទិវាកម្ពុជា Cambodia Day»។ នេះបើយោងតាម Facebook ផ្លូវការរបស់ស្ថានទូត កម្ពុជា ប្រចាំនៅប្រទេសជប៉ុន។

ការប្រកួតនេះដែរ បានធ្វើឡើងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដែលជាផ្នែកមួយនៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជា និងមានការចូលរួមពីលោក IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមសភាជប៉ុន-កម្ពុជា ដែលបានធ្វើឡើង នៅទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួត និងបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា «កម្ពុជាព្រះរាជាណា ចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder» និងមានអ្នកចូលរួមទស្សនាប្រមាណ ១៥ ០០០នាក់។

សូមបញ្ជាក់ដែរថា នាឱកាសនោះស្ថានទូតកម្ពុជា ក៏បានរៀបចំស្តង់ដើម្បីតាំងបង្ហាញផលិតផលខ្មែរ និងផ្សព្វផ្សាយ តំបន់ទេសចរណ៍នានា នៅប្រទេសកម្ពុជាក៏ដូចជា៖ មានកម្មវិធីឆ្លើយសំនួរពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដើម្បីទទួលបានរង្វាន់ដូចជា៖ ក្រមា ឬអាវយឺតជាដើម។ ការផ្សព្វផ្សាយនេះដែរធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញប្រជាជនជប៉ុនជាមិត្ត ឱ្យចាប់អារម្មណ៍ និងស្គាល់កម្ពុជាឱ្យកាន់តែច្រើនឡើង ក្នុងគោលបំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា។

សូមជម្រាបដែរថាកម្មវិធី Cambodia Day នេះ ត្រូវបានរៀបចំលើកទី១ នៅខែសីហា ឆ្នាំ២០២១ នៅទីតាំងទីលាន បាល់ទាត់នៅខេត្ត Shizuoka ប្រកបដោយភាព ជោគជ័យម្តងរួចមកហើយផងដែរ៕