(កំពង់ធំ)៖ មន្ត្រីរដ្ឋបាលព្រៃឈើកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំឈ្មោះ ហ៊ាង ប៊ុនគឿន និងបក្ខពួក ត្រូវបានប្រជាពលរដ្ឋប្រកបមុខរបរដឹកអុសប្ដឹងទៅកាន់តុលាការ ដោយចោទប្រកាន់ថា បានចាប់ឡានពួកគេ និងព្រួតប្រើប្រាស់អំពើហិង្សារវាយដំបង្ករបួសស្នាម, គំរាមកំហែងសម្លាប់ និងចាប់ឃុំឃាំងធ្វើឲ្យស្ត្រីមានផ្ទៃពោះ៦ខែ រងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯស្វាមីរបួសយ៉ាងដំណំ។

យោងតាមពាក្យបណ្តឹងដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ម្ចាស់បណ្ដឹងឈ្មោះ ភួង ចន្នី អាយុ៤៣ឆ្នាំ បានប្ដឹងចោទប្រកាន់លោក ហ៊ាង ប៊ុនគឿន មន្ត្រីរដ្ឋបាលព្រៃឈើ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ និងបក្ខពួកជាច្រើននាក់ចូលទៅអយ្យការអមសាលាដំបូងខេត្ត មានចំនួន៣បទល្មើសសុទ្ធជាបទល្មើស រួមមាន៖ ប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស, បទគំរាមថានឹងសម្លាប់ និងបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។

ជនរងគ្រោះដដែល បានបញ្ជាក់ថា លោកប្រកបមុខរបរទិញអុសនេះ គឺមានច្បាប់អាជីវកម្មបង់ពន្ធជូនរដ្ឋស្របច្បាប់ ដោយមានបង្កាន់ដៃបញ្ជាក់បង់ប្រាក់ពន្ធផងដែរ។ ការទិញអុសកាត់ស្អាតហើយនៅតាមដេប៉ូគេ គឺមានចេញវិក័យប័ត្រទិញលក់គេឲ្យផងដែរ។ ជាធម្មតាពេលដែលដឹកចេញមក នគរបាល និងអាវុធហត្ថ ពេលដែលយើងបង្ហាញគេ មិនដែលថាអីទេគេឲ្យបន្ដដំណើរធម្មតា។

ដោយឡែកកន្លងមក តែងតែមានមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំម្នាក់ពាក់ស័ក្តិ៤កន្លះឈ្មោះ ម៉ាក់ ម៉ៅ ចំណាំសុំលុយ ហើយរូបគាត់ក៏ធ្លាប់បង់ជូនផងដែរ។ ក្រោយមកក៏ប្រាប់ថា អត់ឲ្យទេ ព្រោះទារច្រើនពេក ហើយមិនមែនតែកន្លែងគាត់មួយទេ ខណៈខ្លួនធ្វើអាជីវកម្មដោយស្របច្បាប់។

ជនរងគ្រោះបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយមកនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោកបានទិញអុសពីស្រុកចំការលើ ខេត្តកំពង់ចាម និងបានដឹកចេញមកឆ្លងកាត់ខេត្តកំពង់ធំ ក៏ត្រូវបានរដ្ឋបាលព្រៃឈើឃុំកំពង់ថ្ម កាក់ឃាត់រថយន្តយកមកទីស្នាក់ការ និងចាប់ជនរងគ្រោះឃុំឃាំង មិនតែប៉ុណ្ណោះក៏ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ស្រែកថា «ពួកខ្ញុំជាចោរ គំរាមចាប់ដាក់ខ្នោះ គំរាមកំហែងយកកាំភ្លើងបាញ់ចោលទៀតផង»

ក្រោយពីគំរាមហើយបក្ខពួកមន្ត្រីទាំងនោះជិត១០នាក់ ដែលមានស្ថានភាពស្រវឹងជោគជាំ បានប្រើប្រាស់អំពើហិង្សាព្រួតវាយជនរងគ្រោះ និងភរិយាដែលមានផ្ទៃពោះ៦ខែ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯស្វាមីក៏រងរបួសយ៉ាងដំណំដែរ។ មិនតែប៉ុណ្ណោះមន្ត្រីទាំងនោះ បានចាក់សោរបង្ខាំងជនរងគ្រោះមួយយប់ទៀតផង។

យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ មិនទាន់អាចសុំការបកស្រាយពីមន្រ្តីរដ្ឋបាលព្រៃឈើកំពង់ថ្មបាននៅឡើយទេ៕