(កំពត)៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត «កំពត-កែប» បន្តបើកអង្គសិក្ខាសាលា នៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ លើកទី១១ តាមប្រព័ន្ធ (Zoom) ដែលរៀបចំធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ពិធីនេះបានធ្វើឡើងក្រោមការចូលរួមជាធិបតី លោកស្រីឱសថការី លី កែវធីតា អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត ជាតំណាងក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ដោយចូលរួមក្នុងអង្គសិក្ខាសាលាផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈគ្រូពេទ្យ មកពី២៥ រាជធានីខេត្ត, តំណាងក្រុមហ៊ុនឱសថនានា និងអ្នកពាក់ព័ន្ធក្នុងទូទាំងប្រទេស ជាច្រើនរយនាក់ ដោយអង្គសិក្ខាសាលានេះ មានរយៈពេលពេញមួយថ្ងៃ។

ក្នុងអង្គសិក្ខាសាលា លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានលើកឡើងថា គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីជាការជួបជុំបង្ហាញ និងជំរុញការលើកកម្ពស់ពីវឌ្ឍនភាពវិជ្ជាជីវៈវេជ្ជសាស្រ្ត សំដៅធ្វើយ៉ាងណាពង្រឹងសមត្ថភាពគុណភាព បង្កើននូវក្រមសីលធម៌ នៃវិជ្ជាជីវៈគ្រូពេទ្យ ព្រមទាំងសុវត្ថិភាព នៃការប្រើប្រាស់ឱសថ ការអនុវត្តន៍ច្បាប់ ក៏ដូចជាការចូលរួមកាត់បន្ថយហានិភ័យ អត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្ដល់សេវាសុខាភិបាលសាធារណៈ និងឯកជន។

លោកវេជ្ជបណ្តិត កែវ សុផាន់ បានបន្តថា ការចុះបញ្ជីជាសមាជិក គណៈគ្រូពេទ្យមានសារៈសំខាន់ ហើយវាជាកាតព្វកិច្ចរបស់គ្រូពេទ្យ ព្រោះបើខ្លួនជាអ្នកផ្តល់សេវាសុខាភិបាលក៏ដោយតែបើគ្មានអាជ្ញាបណ្ណ ក៏ត្រូវមានទោសព្រហ្មទណ្ឌដែរ។

គិតមកត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ចំនួនសមាជិក សមាជិកាគណៈគ្រូពេទ្យកំពត-កែប ចុះបញ្ជីការសរុប ២៩៦នាក់ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណសរុប ២៥០រូប ក្នុងនោះទទួលបានអាជ្ញាបណ្ណ ២៤២រូប ពុំទាន់បាន៨រូប ពុំទាន់សុំអាជ្ញាបណ្ណ ៤០រូប និងពុំមានសម្បទាសុំអាជ្ញាបណ្ណ ៦រូប (ស្លាប់ ៤រូប)។

ក្នុងឱកាសនោះ ឱសថការី លី កែវធីតា បានលើកឡើងថា គោលបំណងនៃការរៀបចំពិធីនេះ ដើម្បីជាការជួយជ្រោមជ្រែង និងជំរុញសកម្មភាពទាំងឡាយរបស់ថ្នាក់ខេត្ត ថ្នាក់ជាតិ ក្នុងការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត ដើម្បីលើកកម្ពស់វឌ្ឍនៈភាព វិជ្ជាជីវៈវេជ្ជសាស្ត្របណ្តារាជធានី-ខេត្ត សំដៅពង្រឹងសមត្ថភាព គុណភាព បង្កើននូវគុណវុឌ្ឍន៍ ក្រមសីលធម៌នៃវិជ្ជាជីវៈ គ្រូពេទ្យ ព្រមទាំងសុវត្ថិភាពនៃការប្រើប្រាស់ឱសថ ការអនុវត្តច្បាប់ក៏ដូចជា៖ ការចូលរួមកាត់បន្ថយ ហានិភ័យអត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈ ក៏ដូចជាឯកជន៕