(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា។ នេះជាការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស (គ.ជ.ប.ជ)។

ប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យការរស់នៅរបស់ជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយលើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស។

ពេលអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានធ្វើតាំងពីម្សិលមិញ នៅកំពង់សោម និងនៅខេត្តកណ្តាល។ ជាបន្តបន្ទាប់ទៀត នឹងធ្វើតាមគោលដៅផ្សេងៗ ដែលខ្ញុំមិនអាចជម្រាបជូនបាន»

សម្តេចក្រឡាហោម ស ខេង បានបន្តថា គោលដៅនៃការត្រួតពិនិត្យមាន ២សំខាន់ដែរគឺ ដើម្បីសង្រ្គោះជនរងគ្រោះ និងចាប់យកមេខ្លោងមកផ្តន្ទាទោស។

ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្សនេះ ក្រសួងមហាផ្ទៃ បានប្រកាសបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យ រាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថានៅតាមសណ្ឋាគារ ការដ្ឋាន និងក្រុមហ៊ុននានានោះទេ លើកលែងតែមន្រ្តីការទូត។

ចំពោះការបើកប្រតិបត្តិការម្សិលមិញ នៅខេត្តព្រះសីហនុ និងខេត្តកណ្តាល ត្រូវបានសម្តេចក្រឡាហោម ស ខេង បង្ហើបថា សុទ្ធតែបានឃាត់មេការ និងអ្នកពាក់ព័ន្ធ៕