(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិបានថ្លែងថា ដោយសារតែមានករណីឆ្លងថ្មីនៃមេរោគអេដស៍ ពីចំនួន១,០០០នាក់ ទៅ១,១០០នាក់ នៅឆ្នាំ២០២០-២០២១ ហើយអ្នកដែលឆ្លងគឺស្ថិតក្នុងចំណោមយុវវ័យ ដូច្នេះនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើសិក្ខាសាលាឆ្លុះបញ្ចាំងទស្សនៈយុវជន ស្ដីពី ការបង្ការ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ ក្នុងចំណោមយុវវ័យ ដែលមានការចូលរួមពីគរុនិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៤៦នាក់ មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

តាមរយៈកិច្ចសម្ភាសន៍ជាង១២នាទីរបស់លោកស្រី ម៉ែន នារីសោភ័គ បានបញ្ជាក់បន្ថែមថា «សិក្ខាសាលានេះ បានជ្រើសយកគរុនិស្សិតមកចូលរួម ដោយសារពួកគាត់ អនាគតក្លាយជាគ្រូបង្រៀន ទៅតាមទីតាំងផ្សេងៗ គាត់នឹងយកចំណេះដឹងបន្ថែមលើជំនាញរបស់គាត់ សម្រាប់ការចូលរួមអប់រំផ្សព្វផ្សាយបន្ដទៀត ដែលស្របទៅយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល បញ្ចប់ការចម្លងមេរោគអេដស៍នៅឆ្នាំ២០២៥ ចឹងក្នុងនាមយើងជាពលរដ្ឋម្នាក់ ជាយុវជនម្នាក់ យើងត្រូវតែមានការចូលរួមចំណែកក្នុងការទប់ស្កាត់ ការចម្លងមេរោគអេដស៍»។

លើសពីនោះដើម្បីអបអរទិវាមនុស្សធម៌អន្ដរជាតិ ថ្ងៃទី១៩សីហា កាកបាទកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា យើងបានធ្វើសិកា្ខសាលានេះឡើង ដើម្បបង្ហាញឱ្យឃើញក្នុងនាមជាសមាជិកទី៨៥ របស់សហព័ន្ធអន្ដរជាតិ អ្វីដែលយើងបាននឹងកំពុងធ្វើនៅកម្ពុជា គឺបុព្វហេតុមនុស្សធម៌នេះហើយ។ បុព្វហេតុមនុស្សនេះ មិនមែនទាល់តែយើងយកអំណោយសង្គ្រោះប្រជាពលរដ្ឋមួយមុខនោះទេ ការអប់រំផ្សព្វផ្សាយ បញ្ជៀបការយល់ដឹងផ្សេងៗនូវគោលដៅយុទ្ធសាស្រ្ដ ដើម្បីចូលរួមចំណែកជាមួយសង្គមជាតិ គោលដៅលើកកម្ពស់សុខុមាលសង្គមជាតិ និងប្រជាពលរដ្ឋយើងឱ្យកាន់តែមានសុខភាពល្អ នេះជាការងារមួយដែលកាកបាទក្រហមកម្ពុជា ត្រូវតែចូលរួមចំណែកផងដែរ។

លោកស្រី ម៉ែន នារីសោភ័គ បន្ដថា «សិក្ខាលាលានេះក៏បង្ហាញពីការលើកកម្ពស់ការអនុវត្ដ ឬការបំពេញនូវតួនាទី ក្នុងការដែល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានពីអង្គការសហប្រជាជាតិ នូវគោរមគារចំនួន២ គឺទី១៖ គោរមងារ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងគោរមងារទី២៖ គឺឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ សំខាន់ផ្ដោតទៅលើការទប់ស្កាត់ការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូន ហើយក៏ជាចំណែកមួយដែលយើងដាក់ចូលទៅក្នុងកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិប្រចំាខែ ពិសេសដើម្បីឈានឆ្ពោះទៅដល់ការប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ខាងមុខនេះផងដែរ»

សូមបញ្ជាក់ថាសិក្ខាសាលាឆ្លុះបញ្ចាំងទស្សនៈយុវជន ស្ដីពី «ការបង្ការ ទប់ស្កាត់ការចម្លងមេរោគអេដស៍ ក្នុងចំណោមយុវវ័យ» ដែលចូលរួមពីគរុនិស្សិតចំនួន ៤៦នាក់ បានបែងចែកជា៨ក្រុម ដើម្បីធ្វើបទបង្ហាញផ្សេងពីការយល់ដឹងពីមេរោគអេដស៍។