(សៀមរាប)៖ សហគ្រិនខ្មែរលោក អ៊ុន សាវ៉ាន់ ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងផ្សារផលិតផលកម្ពុជា ដើម្បីផ្សព្វផ្សាយពីផលិតផលខ្មែរ ដល់ភ្ញៀវទេសចរដែលមកកម្សាន្ត នៅខេត្តសៀមរាប។

ក្នុងកិច្ចសម្ភាសជាមួយ Fresh News នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោក អ៊ុន សាវ៉ាន់ បានឱ្យដឹងថា «កាលដែលបង្កើតផ្សារផលិតផលកម្ពុជានេះឡើង តាំងពីឆ្នាំ២០១៣ មកហើយ ដោយមើលឃើញពីស្នាដៃរបស់ខ្មែរជាច្រើន មិនសូវមានទីផ្សារ និងភ្ញៀវទេសចរកម្របានឃើញពីផលិតផលខ្មែរទៀត ដូច្នេះ ហើយទើបលោកសម្រេចបង្កើតផ្សាផលិតផលកម្ពុជានេះឡើង ដើម្បីលើកស្ទួយផលិតផលខ្មែរ និងជួយរកទីផ្សារឱ្យអាជីវករទាំងអស់។ ដើមឡើងលោកក៏មិនបានគិតថាបង្កើតផ្សារផលិតផលកម្ពុជា រហូតមកដល់សព្វថ្ងៃនេះដែរ ដោយមើលឃើញពីប្រជាពលរដ្ឋមួយចំនួន ដែលមានស្នាដៃ និងរកទីផ្សារមិនបានផង ទើបលោកបង្កើតផ្សារនេះ រហូតដល់បច្ចប្បន្ន»

លោកបានបន្តថា មុនដំបូងលោកគ្រាន់តែរៀបចំកម្មវិធីប្រចាំខែ ហើយនៅលើផ្លូវថ្នល់ទៀត ដោយមានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ លោកក៏សម្រេចចិត្តបើកនៅរៀងរាល់ថ្ងៃចុងសប្តាហ៍រហូតដល់ឆ្នាំទី៣ លោកក៏បើក០៤ថ្ងៃ ក្នុងមួយសប្តាហ៍។ ប៉ុន្តែជាចៃដន្យ ផ្សារក៏បានប្ដូរទៅទីតាំងថ្មី ប៉ុន្តែធ្វើនៅលើសួនរបស់កន្លែងគេ ដោយរៀបជាលក្ខណៈតង មិនមានតូបត្រឹមត្រូវនោះឡើយ ធ្វើបានរយៈពេលជិត៥ឆ្នាំ ក៏មានការផ្ទុះជំងឺកូវីដ១៩ លោកក៏បានបិទផ្សារមួយរយៈ។

ក្រោយពីជំងឺកូវីដ១៩ ធូរស្បើយបន្តិច លោកក៏បានជួបជុំគ្នាពិភាក្សាជាមួយអាជីវករទាំងអស់ ដើម្បីរកទីតាំងថ្មីបើកលក់ផលិតផលជាបន្តទៀត ដោយទីតាំងទី៣នេះ ទើបតែបើកដំណើរការក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ន ផ្សារផលិតផលកម្ពុជា មានស្ដង់លក់២៧ស្តង់ និងរទេះលក់៦។

ទន្ទឹមនឹងនោះដែរ ផ្សារផលិតផលកម្ពុជា គឺមិនអនុញ្ញាតឱ្យអាជីវករទាំងអស់ យកផលិតផលដូចគ្នាមកដាក់លក់ក្នុងផ្សារជាដាច់ខាត។ មួយវិញទៀត ចំពោះអាជីវករទាំងអស់ នៅពេលភ្ញៀវចូលមកមិនអនុញ្ញាតឱ្យដណ្តើមគ្នានោះឡើយ និងត្រូវណែនាំភ្ញៀវពីផលិតផលដែលដាក់លក់ ធ្វើនៅតំបន់ណា ហើយប្រសិនបើអ្នកទិញផលិតផលនេះ អ្នកនឹងអាចជួយប្រជាកសិករដែលអាស្រ័យលើរបរនេះ។ ចំពោះផ្សារផលិតផលកម្ពុជា ក៏បានគិតដល់បរិស្ថានដោយ រាល់ការវេចខ្ចប់ គឺតម្រូវឱ្យប្រើប្រាស់ក្រដាស់កាសែត និងក្រណាត់ ដេរធ្វើថង់សម្រាប់ច្រករបរ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។

សូមរម្លឹកថា លោក អ៊ុន សាវ៉ាន់ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងបានមកធ្វើការក្នុខេត្តសៀមរាប នៅឆ្នាំ២០០៤ ដោយធ្វើជាអ្នកគូរគំនូរ ដែលលោកបានរៀនពីអង្គការនៅឯស្រុកកំណើត និងធ្វើជាអ្នកគូរគំនូរបានរយៈពេល ៣ឆ្នាំ លោកក៏បានឈប់ពីការងារជាអ្នកគូរគំនូរ ដោយបែរមកធ្វើជាមួយអង្គការ និងរៀបចំកម្មវិធីផ្សេងៗជាដើម។

ជាមួយនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកកម្សាន្តនៅក្នុងខេត្តសៀមរាប ឱ្យជួយទិញផលិតផលដែលធ្វើដោយស្នាដៃរបស់ប្រជាជនខ្មែរ ដើម្បីឱ្យពួកគាត់មានការងារធ្វើ និងមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ព្រមទាំងជៀសវាងការចំណាកស្រុកខុសច្បាប់ផងដែរ៕