(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសស្តីពី «ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ រយៈពេល២ថ្ងៃ នៅថ្ងៃទី១៦-១៧ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោក ញាវ តង អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងលោក គង់ វុទ្ធី អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងក្រុងសៀមរាប ស្រុកប្រាសាទបាគង និងស្រុកពួក សរុបចំនួន ១១៦នាក់។

ថ្លែក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នថ្នាក់ជាតិ បានពង្រឹងលើការងារគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ពិសេសមន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបន្ដថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាំងពីឆ្នាំ២០០២រហូតមកទល់ពេលនេះ មានរយៈពេលប្រមាណជាង២០ឆ្នាំមកហើយ រដ្ឋបាលខេត្ត ដោយផ្អែកតាមកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានរៀបចំ ឲ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៥លើករួចមកហើយ ដែលការបោះឆ្នោត អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅខេត្តសៀមរាប មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោតសរុប ចំនួន ៦៦៨នាក់ ស្រី ១៧៤នាក់ ដែលក្នុងនោះ ក្រុមប្រឹក្សាថ្មីដែលពុំធ្លាប់ជាប់ឆ្នោតពីមុនមកសោះ មានចំនួន៣១៥នាក់ ស្រី៨៣នាក់ ហើយក្រុមប្រឹក្សានីមួយៗត្រូវបានប្រគល់នូវស្វ័យភាពក្នុងការគ្រប់គ្រងចាត់ចែង កិច្ចការនានានៅមូលដ្ឋាន ក្នុងគោលបំណងបង្កើតជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

ដើម្បីជាការលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព មានលក្ខណៈឆ្លើយតប សមធម៌ និងបរិយាប័ន្ន ដែលជារបៀបវារៈនយោបាយដ៏សំខាន់បំផុតដែលក្រុមប្រឹក្សានីមួយៗ នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់សម្រេចឱ្យបាននៅក្នុងអាណត្តិការងារ ក្នុងក្របខ័ណ្ឌនៃធនធាន និងសមត្ថកិច្ចដែលខ្លួនមាន។ ក្រសួងមហាផ្ទៃឃើញថា ការយល់ដឹងរបស់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែលទើបតែជាប់ឆ្នោតថ្មីមួយចំនួន ពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រង​រដ្ឋបាលថ្នាក់​ក្រោមជាតិនៅមានកំរិតនៅឡើយដែលទាមទារឱ្យមានវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ពួកគាត់ដោយវគ្គបណ្តុះបណ្តាលតម្រង់ទិសនេះឡើង។

ចំណែកសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី មានចំនួន ៣១៥នាក់ ស្រី៨៣នាក់ ចែកចេញជា ៣វគ្គ ដោយ១វគ្គមាន ២បន្ទប់ និងមានរយៈពេល ២ថ្ងៃដូចគ្នា ដែលមានប្រធានបទសំខាន់ៗ ចំនួន៩ជំពូក៖ ជំពូកទី១ ទិដ្ឋភាពទូទៅ ជំពូកទី២រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ខ្សែគណនេយ្យភាព និងទំនាក់ទំនងអន្តររដ្ឋបាល ជំពូកទី៣ ការងារត្រូវធ្វើក្រោយប្រកាស ចូលកាន់តំណែង ជំពូកទី៤ កិច្ចប្រជុំក្រុមប្រឹក្សា ជំពូកទី៥ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ជំពូកទី៦ ការផ្តល់សេវាសាធារណៈ ជំពូកទី៧ កិច្ចការរដ្ឋបាល ជំពូកទី៨ ការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក ជំពូកទី៩ ការគ្រប់គ្រងហិរញ្ញវត្ថុ។

សូមបញ្ជាក់ផងដែរ កាលបរិច្ឆេទនៃវគ្គបណ្ដុះបណ្ដាលតម្រង់ទិសទាំង៣វគ្គ នៅថ្ងៃទី ១៦-១៧ ខែសីហា ឆ្នាំ២០២២ សម្រាប់ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ នៃក្រុងសៀមរាប ស្រុកប្រាសាទបាគង និងស្រុកពួក។ ថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២២ សម្រាប់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ នៃស្រុកសូទ្រនិគម ស្រុកស្វាយលើ ស្រុកអង្គរជុំ និងស្រុកជីក្រែងផងដែរ៕