(សៀមរាប)៖ លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំក្រុមការងារនាំយកអំណោយដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកអង្គរធំខេត្តសៀមរាប។

ពិធីនេះ បានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ អាជ្ញាធរភូមិឃុំ កងកម្លាំងប្រមាណជិត១០០នាក់ ស្ថិតនៅក្នុងសាលាស្រុកអង្គរធំ ខេត្តសៀមរាប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ លោក សឹង្ហ សំរិទ្ធិ បានមានមតិសំណេះសំណាល និងពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក មុឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ចំពោះការសម្អាតអនាម័យអោយបានខ្ពស់ ដើម្បីចៀសផុតពីជំងឺសកល ដែលកំពុងរីករាលដាលនៅក្នុងពិភពលោកយើង។ ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុក្ខអនុវត្តទៅតាមវិធានការណ៍របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះបន្តទៀត។

លោកបន្តថា ចំពោះសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) គឺជាចលនាមួយដែលមិនគិតពីផលចំណេញផ្ទាល់ខ្លួន អព្យាក្រឹត មិនរេីសអើង មិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ សាសនា គឺជាចលនាក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈ ដើម្បីបំផុសស្មារតីដល់យុវជនទូទាំងប្រទេសឲ្យចេះស្រឡាញ់គ្នា សាមគ្គីគ្នា រួបរួមគ្នា ឯកភាពគ្នា ដើម្បីប្រមូលផ្តុំគ្នាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនថែមទៀតទៅថ្ងៃអនាគត។

ជាមួយគ្នានេះ លោក ឡុង រដ្ឋារក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងក្រុមការងារ ដែលតែងតែបន្តសកម្មភាពចុះតាមស្រុកនានា ជាក់ស្តែង នាពេលនេះ បាននាំយកអំណោយមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកយើងផ្ទាល់តែម្តង យើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវជួយគ្នាក្នុងគ្រាលំបាក និងប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ហើយក៏ត្រូវចេះសាមគ្គីគ្នា ដើម្បីជួយគ្នាក្នុងគ្រាលំបាក ខណៈពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងទប់ស្កាត់និងធ្វើការអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សាឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ជាចាំបាច់។

លោកបានបញ្ជាក់ទៀតថា នៅស្រុកអង្គរធំនេះ គឺជាស្រុកដែលលំបាកជាងគេនៅក្នុងខេត្តសៀមរាប ពីមុនមក តែឥឡូវយើងឃើញថា មានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់ហើយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច បានលះបងអាយុជីវិតសាច់ស្រស់ឈាមស្រស់ជូនប្រទេសជាតិមាតុភូមិយើង ក្នុងការកសាងប្រទេសពីបាទដៃទទេរហូតដល់មានការរីកចំរើនដូចសព្វថ្ងៃនេះ មិនត្រឹមតែប៉ុណ្ណោះទេ សម្តេច បានស្វះស្វែងរកសន្តិភាពជូនប្រជារាស្រ្តទូទាំងប្រទេសថែមទៀត។

គូសបញ្ជាក់ថា អំណោយប្រជាពលរដ្ឋ២០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូ, ទឹកស៊ីអុីវ១យួរ, ត្រី១យួរ, ទឹកត្រី១យួរ, ប៊ីចេង១គីឡូ, ស្ករស១គីឡូ, អំបិល១គីឡូ, ចំណាយថវិកាសរុប ៣,៧៣០,០០០រៀល៕