(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា គ្រប់ជនសង្ស័យដែលត្រូវជាប់ពាក់ព័ន្ធក្នុងការស៉ើបអង្កេត មិនមែនសុទ្ធតែមានទោសនោះទេ ពោលក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ម្នាក់ ត្រូវប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ សច្ចៈ យុត្តិធម៌ ហើយស៉ើបអង្កេតឲ្យបានច្បាស់លាស់ ជៀសវាងកើតមានឡើងនូវភាពអយុត្តិធម៌ទៅលើពលរដ្ឋ។

ការក្រើនរំលឹកដល់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញ ស្តីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងវិធានការស៊ើបអង្កេត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានសិក្ខាកាមជានគរបាលចំនួន១៥៤រូប មកពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន និងនាយការិយាល័យគ្រប់គ្រងសន្ដិសុខឯកជន នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥។

នាយនគរបាលជាន់ខ្ពស់រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ដំណាក់កាលស៉ើបអង្កេតត្រូវរកខុស រកត្រូវ ហើយបើស៉ើបទៅឃើញខុសយើងចោទប្រកាន់ ប៉ុន្ដែបើស៉ើបអង្កេតទៅអត់ឃើញខុស យើងត្រូវធ្វើរបាយការណ៍ទៅតាមហ្នឹង។ មិនមែនមានន័យថា ឲ្យតែមានករណីអ្នកដែលត្រូវចុះអង្កេត សុទ្ធតែជាជនសង្ស័យដែលមានទោសនោះទេ ដូច្នេះចំណុចនេះត្រូវប្រកាន់ឲ្យបានដើម្បីសង្គមជាតិយើងមួយទទួលបាននូវយុត្តិធម៌ បើមានយុត្តិធម៌ គ្មានការតវ៉ា ការឈឺចាប់នោះទេ»

បើកវគ្គបំប៉នជំនាញ ស្តីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងវិធានការស៊ើបអង្កេត ដើម្បីពង្រឹងសមត្ថភាព និងគុណភាពដល់មន្ត្រីឲ្យមានវិជ្ជាជីវៈ និងសមត្ថភាពពេលលេញ។ ដើម្បីស្របតាមផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការសកម្មភាពរបស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្នុងគោលបំណងកសាងសមត្ថភាព និងគុណភាព ដល់មន្ត្រីនគរបាលគ្រប់គ្រងសន្តិសុខឯកជន។

ជាមួយគ្នានេះ អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានផ្ដាំផ្ញើ និងដាក់ចេញនូវការណែនាំមួយចំនួន រួមមាន៖

*ទី១៖ ស្នើនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនបន្ដយកចិត្តទុកដាក់ ជំរុញឲ្យមានវគ្គបំប៉នជំនាញស្ដីពីក្រមព្រហ្មទណ្ឌ និងវិធានស៉ើបអង្កេតនេះជាបន្ដដល់មន្ដ្រីចំណុះ

*ទី២៖ ស្នើសិក្ខាកាមទាំងអស់ក្រោយបញ្ចប់ការសិក្សា ពេលត្រឡប់ទៅកាន់អង្គភាពវិញ ត្រូវយកចំណេះដឹង និងបទពិសោធន៍ពីការសិក្សាទៅអនុវត្តឲ្យបានត្រឹមត្រូវ និងកសាងសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ហើយមិនប្រើប្រាស់ចំណេះដឹង តួនាទីរបស់ខ្លួនខុសពីច្បាប់កំណត់

*ទី៣៖ ត្រូវយកចំណេះដឹងដែលទទួលបាននេះចែករំលែកដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួនឲ្យទទួលបានយល់ដឹង ដើម្បីទទួលបាននូវការយល់ដឹង ចូលរួមចំណែកបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស ព្រមទាំងបំពេញភារកិច្ចឲ្យស្របតាមនីតិវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់

*ទី៤៖ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្របសីលធម៌ សច្ចៈធម៌ យុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈជំនាញ ពិសេសអនុវត្តឲ្យបាននូវវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ធ្វើយ៉ាងណាកុំឲ្យសំណុំរឿងបង្កនូវភាពអយុត្តិធម៌ដល់ពលរដ្ឋដែលគ្មានកំហុស

*ទី៥៖ ត្រូវបង្កើនកិច្ចសហការជាមួយអង្គភាព ស្ថាប័ន ពិសេសអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងការស្រាវជ្រាវស៉ើបអង្កេត។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានណែនាំឲ្យមន្ដ្រីនគរបាលទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ព្រោះបុគ្គលម្នាក់ៗមិនអាចធ្វើការងារតែម្នាក់ឯងបានជោគជ័យនោះទេ ដូច្នេះការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវគោរពថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួនតាមឋានានុក្រម ដែលទាំងអស់នេះហើយជាកត្តាជោគជ័យរបស់យើង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជិន សាមីឌី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាប្រធានវគ្គបំប៉នជំនាញនេះ តាងនាមឲ្យសិក្ខាកាមទាំងអស់ បានបេ្តជ្ញា និងសន្យាថា នឹងយកចំណេះដឹង និងបទពិសោធន៍ នៃវគ្គសិក្សានេះ ដើម្បីយកមកអនុវត្តការងារជំនាញ និងការងារអនុវត្តនីតិវិធី ប្រកបដោយប្រសិទ្ធភាពខ្ពស់ មិនធ្វើសកម្មភាពផ្ទុយពីច្បាប់កំណត់ និងមានយុត្តិធម៌ មិនលំអៀង ជៀសវាងជនស្លូតត្រង់ រងគ្រោះដោយសារកំណត់ហេតុរបស់ខ្លួននោះឡើយ។

លោក និងសិក្ខាកាមទាំងអស់ បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យ ដំណើរការនៃវគ្គសិក្សានេះ និងលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តែងតែយកចិត្តទុកដាក់ដល់មន្រ្តីក្រោមឱវាទ និងយកពេលវេលាដ៏មានតម្លៃចូលរួមជាគណៈអធិបតី ក្នុងពីធិបិទវគ្គសិក្សានេះហើយសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងក្រុមការងារ ដែលបានផ្តួចផ្តើម និងរៀបចំនូវវគ្គសិក្សានេះឡើង៕