(បាត់ដំបង)៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ដើម្បីជួយសម្រួលការលំបាករបស់ទុរគតជនដែលជាជនចាស់ជរា និងមានជំងឺរ៉ាំរ៉ៃ, លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់តំណាងសាខាដឹកនាំដោយលោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាខេត្ត និងសហការី ចូលរួមដោយប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំយកអណោយមនុស្សធម៌ របស់សាខាខេត្តទទួលពីសប្បុរសជន ក្នុងឱកាសទិវា ៨ ឧសភា ផ្តល់ជូនគ្រួសារទុរគតជនដែលជាជនចាស់ជរា និងមានជំងឺរ៉ាំរ៉ៃ១គ្រួសារឈ្មោះ យុន ចំរើន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅជាមួយកូនស្រីក្នុងបន្ទុកស្ថិតនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់

ដំបង។

នាពេលនោះលោក កុសុម សុភីនារ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក សុខ លូ ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិតស្រឡាញ់ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង និងបានឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ មិនត្រូវឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះស្បៀងអាហារនោះទេ។

លោកនាយកសាខា បានបន្តថា សូមឱ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាព ព្រោះជាក់ស្តែងនារដូវភ្លៀងមានទឹកដក់មានដង្កូវទឹកបណ្តាលឱ្យកើតជាមូសខាំដល់កូនចៅនិងក្រុមគ្រួសារយើង បណ្តាលឱ្យ កើតជំងឺផ្សេងៗ ដូច្នេះត្រូវគេងក្នុងមុង ពាក់ខោអាវឱ្យបានជិតល្អ រស់នៅស្អាត បរិស្ថានល្អ និងត្រូវបន្តលាងដៃនិងសាប៊ូ ជែល ឬអាល់កុល ធ្វើយ៉ាងណាដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងផ្សេងៗ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុងគ្រួសារនោះរួមមាន៖ អង្ករ៥០គីឡូក្រាម ត្រីខ២យួរ មី២កេស ទឹកសុទ្ធ២កេស, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ឃីត១កញ្ចប់ និងថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕