(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលសង្គ្រាមនេះ បានធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកឡើងថ្លៃ ព្រមទាំងបង្កើតជាអតិផរណានៅលើពិភពលោក។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «សង្ឃឹមថា វិបត្តិអ៊ុយក្រែន នឹងប្រើពេលទៅមិនយូរ សង្គ្រាមនៅអ៊ុយក្រែន តាមរយៈការចរចា ដែលឥឡូវបានដើរដល់ការស្រុះស្រួលគ្នាដើម្បីនាំចេញធុញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែនទៅកាន់ប្រទេសនានា ដែលកាត់បន្ថយបាននូវការខ្វះស្បៀងនៅខាងក្រៅ»

សម្តេចតេជោ បានបន្តថា សម្រាប់តំបន់អាស៊ាន មិនចោទជាបញ្ហាធំពេកទេ លើការខ្វះខាតស្បៀងអាហារនោះ ពួកអាស៊ីគឺផលិតស្រូវច្រើនណាស់ ជាពិសេសនៅក្នុងចំណោមប្រទេសអាស៊ាន មានថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា ឡាវក៏ផលិតតែសល់មិនច្រើនទេ គ្រាន់តែប្រទេស៤នេះ មិនតិចជាង១៥លានតោនទេ ដែលសល់នោះ ហើយនៅក្រៅតំបន់អាស៊ាន ប្រទេសឥណ្ឌាក៏ជាប្រទេសដែលផលិតស្រូវច្រើនសល់ស្រូវច្រើនដែរ។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា «ការខ្វះស្បៀងមិនមែនជាកង្វល់ធំពេកទេ ប៉ុន្តែអ្វីដែលជាកង្វល់ធំ គឺទាក់ទិនជាមួយនឹងបញ្ហាប្រេងដែរ ដែលវាអាចទាញទៅរកអតិផរណាមួយ ដែលយើងត្រូវរកវិធីទប់ស្កាត់អតិផរណានោះ»

សូមបញ្ជាក់ថា រហូតដល់ពេលនេះ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានអូសអន្លាយរយៈពេលជាង៥ខែមកហើយ។ រុស្ស៉ី បានគ្រប់គ្រងស្ទើរតែទាំងស្រុង នៅតំបន់ដុនបាស់ភាគខាងកើតអ៊ុយក្រែន និងបានបន្តវាយរាលដាលទៅកាន់ភាគខាងត្បូង។

នាថ្មីៗនេះ អ៊ុយក្រែន បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី ដោយលើកឡើងពីផលវិបាកនៃមហន្តរាយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ភាគខាងត្បូងអ៊ុយក្រែន ជាទីដែលទីក្រុងមូស្គូ និងទីក្រុងកៀវ កំពុងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ក្រោយពី មានការបាញ់ផ្លោងថ្មីៗនៅក្បែរទីតាំងនោះ៕