(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាកចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក Lexus RX-300 បុកប៉ះជាមួយម៉ូតូកង់បីឥណ្ឌា (Pass App) ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល៥:៥០នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចបណ្តោយផ្លូវឆ្នេរអូរឈើទាល(ក្បែរបន្ទប់ទឹកទី១) ស្ថិតក្នុងភូមិលេខ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

មុនពេលកើតហេតុប្រជាពលរដ្ឋនៅក្បែរនោះបានប្រាប់ឲ្យដឹងថា៖ គឺរថយន្ត និងម៉ូតូកង់បីឥណ្ឌា(Pass App) ធ្វើដំណើរក្នុងទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាក Lexus RX-300 បានជ្រុលចង្កូតទៅបុកចំពីក្រោយកង់បីឥណ្ឌា ដែលបណ្តាលឲ្យនារីពីរនាក់ធ្លាក់ពីលើកង់បីរងរបួសធ្ងន់ និងបុរសជាអ្នកបើកកង់បីរងរបួសត្រង់ជើង (របួសស្រាល) ក្នុងគ្រោះថ្នាក់នេះដែរ រថយន្តបង្ករម៉ាក Lexus RX-300 ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-9850 ខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ ចំណែកកង់បីឥណ្ឌា (Pass App) ព័ណ៌ស ពាក់ស្លាកលេខ តាកែវ 1T 6083 រងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេង។

ក្រោយពេលកើតហេតុ ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពក្នុងក្រុងព្រះសីហនុ។

ជុំវិញករណីខាងលើ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងតាមជំនាញ ហើយក៏ស្ទូចយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់តាមពេលក្រោយ៕