(កំពង់ចាម)៖ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសប្បុរសធម៌ នៃសាលាជេនសាណា បានចុះសួរសុខទុក្ខ និងចែកអំណោយគ្រួសារខ្វះខាត និងក្មេងក្រីក្រចំនួន ៥០គ្រួសារ នៅឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

កម្មវិធីដែលធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងក្រុមយុវជន និងប្រជាពលរដ្ឋខ្វះខាត អាណាព្យាបាលសិស្សានុសិស្សជាច្រើនរូប។ កម្មវិធីនេះធ្វើឡើងដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដែលបុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស បានរៀបចំអំណោយជូនក្រុមគ្រួសារមានជីវភាពខ្វះខាត និងមានកុមារតូចៗសិក្សារៀនសូត្រកំពុងខ្វះខាត។

បន្ទាប់ពីលោក ម៉ក់ សុម៉ាណាក់ អ្នកដឹកនាំក្រុមសប្បុរសធម៌ពីសាលាជេនសាណាធ្វើបទឧទ្ទេសនាម និងរបាយការណ៍សកម្មភាពអំណោយសប្បុរសធម៌រួចហើយនោះ ក្រុមស្ម័គ្រចិត្តបានចែកឈុតអំណោយ និងសម្ភារ:ទាំងចំនួន ៥០គ្រួសារ ដែលក្នុងនោះ មួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ២ដប ទឹកស៊ីអ៉ីវ ២ដប មី ៥កញ្ចប់។

សម្រាប់កូនចៅ ដែលក្នុងបន្ទុកគ្រួសារនីមួយៗទទួលបាន សៀវភៅ ៤ក្បាល ប៊ិចខៀវ ២ដើម ប៊ិចក្រហម ២ដើម ខ្មៅដៃ ២ដើម បន្ទាត់វែង និងជ័រលុប ១ដើម។ បន្ទាប់ពីលើនោះ ក្រុមការងារ បានឧបត្ថមដល់សាលាឃុំចំនួនមួយលានរៀលផងដែរ។

លោក អ៉ី កុកគង់ មេឃុំព្រែកក្របៅ បានថ្លែងអំណរគុណដល់ក្រុមយុវជនស្ម័គ្រចិត្ត និងសប្បុរសជនទាំងអស់ ដែលមានទឹកចិត្តជួយចែករំលែកដល់គ្រួសារក្រីក្រ និងលើកស្ទួយការសិក្សារបស់សិស្សខ្វះខាត និងទស្សនកិច្ចស្វែងយល់ពីសក្តានុពលអភិវឌ្ឍ ក៏ដូចជាសមិទ្ធផលផលរីកចម្រើនថ្មីៗបន្ថែមទៀតរបស់ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម៕