(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅសាលាធម្មសភា ក្នុងវត្តបទុមវតី។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ក្នុងសារលិខិតចូលរួមរំលែកព្រះមរណទុក្ខ កាលពីថ្ងៃទី១៥ ខែមករា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសមានទុក្ខយ៉ាងក្រៀមបំផុតជាមួយអ្នកម្នាង យិន នរោត្តម យុវនាថ ក៏ដូចជាបុត្របុត្រី។

សម្តេចតេជោ បានគូសរំលេចទៀតថា ការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន។ ការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បង់ព្រះស្វាមីប្រកបដោយសង្គហធម៌ និងការបាត់បង់ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺការបាត់បង់អង្គព្រះរាជវង្សទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រមួយអង្គដ៏ល្អឆ្នើមបំផុតផងដែរ។

សូមបញ្ជាក់ថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕