(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ក្រុមប្រឹក្សាឃុំសង្កាត់ ដែលមកពីគណបក្សនយោបាយផ្សេងគ្នា ត្រូវតែខិតខំរួមសាមគ្គី សហការធ្វើការងារជាមួយគ្នា ប្រកបដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវរើសអើង បែងចែកពណ៌សម្បុរឬនិន្នាការនយោបាយនោះឡើយ។

ការថ្លែងបែបនេះរបស់លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នៅក្នុងឪកាសដែលលោក តំណាងលោកអភិបាលខេត្ត បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២២នៅសាលប្រជុំសាលាស្រុកស្វាយជ្រំ។ សិក្ខាសាលានេះមានការចូលរួមពីសមាជិក ក្រុមប្រឹក្សាឃុំ ដែលជាប់ឆ្នោតថ្មីជាច្រើនរូបផងដែរ។

លោកអភិបាលរងខេត្ត បានថ្លែងកោតសរសើរដល់លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាឃុំ នៅស្រុកស្វាយជ្រំ ដែលទើបជាប់ឆ្នោតថ្មី និងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួល ដល់ការងារនៅរដ្ឋបាលឃុំ សង្កាត់ឲ្យកាន់តែល្អប្រសើរថែមទៀត។

លោកបានបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃអាទិត្យទី ៥ ខែមិថុនាឆ្នាំ ២០២២ កន្លងទៅនេះបានប្រព្រឹត្តទៅក្នុងលក្ខណៈសេរីត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយខេត្តស្វាយរៀងមានប្រជាពលរដ្ឋបានទៅបោះឆ្នោតជាង ៨៥% នៃប្រជាពលរដ្ឋដែលបានមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ចំនួន៣៩១.៦២២នាក់។ សម្រាប់លទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តស្វាយរៀងមានគណបក្សនយោបាយធំ២ដែលជាប់ឆ្នោតគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សភ្លើងទៀន។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានថ្លែងជំរុញដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវគោរពតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិ ដែលបានណែនាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ យកទៅអនុវត្តឲ្យបានពេញលេញ និងត្រឹមត្រូវនិងមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ និងគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងច្បាប់ ដែលបានប្រគល់សិទ្ធិអំណាច ធនធាន និងការសម្រេចចិត្តក្នុងកិច្ចការដឹកនាំ គ្រប់គ្រង ចាត់ចែង និង សម្រេចចិត្ត ក្នុងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ មុខងារ និងធនធានជាច្រើន ត្រូវបានប្រគល់មករដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការ បំពេញការងារជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសាធាណៈឲ្យទាន់ពេលវេលា និងរហ័សនៅកំរិតរដ្ឋបាលនីមួយៗ។

លោកបន្តថា វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះដែលរៀបចំដោយសាលារដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្ត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លោក លោកស្រី ជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបនឹងជាប់ថ្មី ក្នុងអាណត្តិទី ៥នេះ ដូច្នេះសូមស្នើរដល់លោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិ ក្នុងការអនុវត្តន៍ការងារនៅរដ្ឋបាលរបស់ខ្លួន ប្រកបដោយឆន្ទៈ ការគោរពនូវតួននាទី ភារៈកិច្ច ឲ្យបានល្អប្រសើរផងដែរ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ ២០២២ខេត្តស្វាយរៀង ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មីមានចំនួន១៩៦នាក់ស្រី៤៨ នាក់ក្នុងចំណោមក្រុមប្រឹក្សាឃុំ សង្កាត់ ៥១៨នាក់ ស្រី១៣៤នាក់៕