(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងលេខរបស់គណៈមេធាវីនៃកម្ពុជា បានជូនដំណឹងដល់មេធាវី មេធាវីកម្មសិក្សា និងសិស្សមេធាវីទាំងអស់ឱ្យបានជ្រាបថា យោងតាមគោលនយោបាយដឹកនាំចំណុចទី៧ របស់លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រ គណៈកម្មការកីឡាគណៈមេធាវីនឹងរៀបចំកម្មវិធី ប្រកួតវាយសីពានរង្វាន់គណៈមេធាវី សម្រាប់ពានរង្វាន់ ៣ ប្រភេទ គឺ ពានរង្វាន់ជ័យលាភ សម្រាប់កីឡាករចេះលេងពីកម្រិតមធ្យមទៅកម្រិតខ្ពស់ ពានរង្វាន់ ALL STAR សម្រាប់កីឡាករ និងកីឡាការនីទើបចេះលេងដំបូង និងពានរង្វាន់កិត្តិយស សម្រាប់កីឡាករវ័យចំណាស់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ។

គិតមកត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃការចុះឈ្មោះចូលរួមប្រកួត អនុគណៈកម្មការកីឡាវាយសីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលចុះឈ្មោះកីឡាករ កីឡាការនី ដែលជាមេធាវី មេធាវីកម្មសិក្សា និងសិស្សមេធាវី សរុបចំនួន១៣១ នាក់ ក្នុងនោះមានកីឡាការនីចំនួន១២នាក់។

លោកមេធាវី គឹម វាសនា ប្រធានអនុគណៈកម្មការវាយសីគណៈមេធាវី បញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតវាយសីពានរង្វាន់គណៈមេធាវីដ៏ធំនេះឡើង តាមគំនិតផ្តួចផ្តើមរបស់លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

លោកមេធាវី គឹម វាសនា បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោកមេធាវី លី ច័ន្ទតុលា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបំផុសឲ្យមានសកម្មភាពជាច្រើន ទាំងសកម្មភាពក្នុងការពង្រឹងវិជ្ជាជីវៈ ការងារសង្គម និងកីឡា ស្របនឹងគោលការណ៍នៃការដឹកនាំរបស់លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺ រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ។

អនុគណៈកម្មការកីឡាវាយសីគណៈមេធាវី នឹងបន្តផ្សព្វផ្សាយព័ត៌មានជូនមេធាវី មេធាវីកម្មសិក្សា សិស្សមេធាវី និងសាធារណៈជនបន្តទៀត អំពីសកម្មភាព និងលទ្ធផលនៃការប្រកួតវាយសីពានរង្វាន់គណៈមេធាវី៕