(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបង្ហាញអំពីវឌ្ឍនភាពស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដល់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃស្អែកនេះ។ នេះបើតាម លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលត្រូវបានតែងតាំងជំនួយ លោកស្រី រ៉ូណា ស្មីត គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមស្វាគមន៍ចំពោះទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេស មានដើមកំណើតជាជនជាតិថៃលោក ជិន ម៉ាលីន បានចាត់ទុកថា ទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន គឺជាដំណើរការធម្មតាតាមនីតិវិធីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺត្រូវចុះមកធ្វើទស្សនកិច្ចនៅកម្ពុជា អាច២ដង ឬ៣ដងក្នុងមួយឆ្នាំ ហើយកន្លងមកអ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជាដែរ ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ទើបធ្វើឱ្យដំណើរទស្សនកិច្ចរបស់គាត់បានរាំងស្ទះ ក៏ប៉ុន្តែ លោក វិទិត មុនតាប៊ន បានជួបជែកជាមួយគ្រប់ភាគីកម្ពុជា តាមប្រព័ន្ធអនឡាយ។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់ថា៖ «អញ្ចឹងលើកនេះ គឺគាត់ចុះមកផ្ទាល់ ធ្វើការជាមួយគ្នាដោយផ្ទាល់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងថ្នាក់ដឹកនាំស្ថាប័នរដ្ឋមួយចំនួនទៀតដែលមានការពាក់ព័ន្ធ ហើយរដ្ឋាភិបាល គឺស្វាគមន៍ យើងមិនដែលបដិសេធនូវសំណើរសុំធ្វើទស្សនកិច្ចនៃយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិណាមួយនោះទេ នៅក្នុងជំនួបយើងនឹងធ្វើការបង្ហាញពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយនឹងជជែកគ្នានូវអ្វីដែលគាត់ចង់ដឹង ឬចង់ដឹងការពន្យល់បំភ្លឺបន្ថែម ដើម្បីឱ្យគាត់មានមូលដ្ឋានក្នុងការរាយការណ៍ ឬដាក់របាយការណ៍របស់គាត់ជូនទៅអង្គការសហប្រជាជាតិ»

បន្ថែមពីនេះ លោក ជិន ម៉ាលីន បានលើកឡើងថា សម្រាប់របាយការណ៍របស់លោក វិទិត មុនតាប៊ន យ៉ាងម៉េចនោះ វាជាការយល់ឃើញរបស់គាត់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យជំហររបស់អង្គការសហប្រជាជាតិនោះទេ ព្រោះអ្នករាយការណ៍ពិសេស ជាអ្នកជំនាញការឯករាជ្យ ហើយការសិក្សា ការស្រាវជ្រាវ និងការចេញរបាយការណ៍ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដូច្នេះសម្រាប់របាយការណ៍ដែលបានចេញមក គឺគ្មានអ្នកណាបង្ខំគាត់បាននោះដែរ ជាការយល់ឃើញ និងបទពិសោធន៍។

អ្នកនាំពាក្យរូបនេះ បានថ្លែងថា៖ «យើងរីករាយនឹងជួបគាត់ ធ្វើការបំភ្លឺរាល់ចម្ងល់ ឬក៏ព័ត៌មានបន្ថែមណាមួយដែលគាត់ចង់បានពីខាងយើង ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងរបាយការណ៍ដែលគាត់ទទួលបានពីក្រុមអង្គការសង្គមស៊ីវិល ឬក៏ក្រុមដែលមាននិន្នាការប្រឆាំង»

លោក ជិន ម៉ាលីន ក៏បានអះអាងថា កម្ពុជារង់ចាំពិនិត្យលើអនុសាសន៍ដែលអ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថាតើអនុសាសន៍ណាខ្លះដែលកម្ពុជាអាចពិចារណា និងយកមកអនុវត្តន៍បាន ព្រមទាំងអនុសាសន៍ណាដែលមិនត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់ នីតិវិធីរបស់កម្ពុជា ដូច្នេះ កម្ពុជានឹងពិចារណាចំពោះចំណុចនីមួយៗ៕