(កំពង់ធំ)៖ វត្តមានសត្វខ្សឹប ឬសត្វក្ងោកទេព ដែលកំពុងរស់នៅជុំវិញតំបន់បឹងទន្លេសាបរបស់កម្ពុជា មិនត្រឹមជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរមកទស្សនានោះទេ ប៉ុន្តែវត្តមានរបស់សត្វខ្សឹប បានបង្កផលចំណេញមិនចេះរីកស្ងួតមកប្រជាសហគមន៍ តាមរយៈការអនុវត្តគម្រោងស្រូវប្រកបដោយនិរន្តភាព (SRP) ជាប្រភេទស្រូវដែលមិនប្រើប្រាស់ជីគីមី និងមានតម្លៃថ្លៃ។

តាមរយៈការអភិរក្សសត្វខ្សឹបនេះ បានធ្វើឱ្យប្រជាសហគមន៍ទទួលចំនេញផ្នែកទេសចរណ៍សត្វព្រៃ ទេសចរណ៍ធម្មជាតិ ជាក់ស្តែងមានប្រជាពលរដ្ឋជាង៣០០គ្រួសារ នៅក្នុងសហគមន៍ធម្មជាតិប្រឡាយ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងនឹងទទួលផលប្រយោជន៍បន្ថែមទៀត តាមរយៈការអនុវត្តន៍គម្រោងស្រូវប្រកបដោយប្រកបដោយនិរន្តភាព ជាគំនិតផ្តួចផ្តើមឡើងដោយអង្គការអន្តរជាតិមួយចំនួន ដើម្បីធ្វើយ៉ាងចូលរួមអភិរក្សសត្វខ្សឹប និងលើកស្ទួយសេដ្ឋកិច្ចប្រជាសហគមន៍មូលដ្ឋាន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាឱកាសចុះធ្វើទស្សនកិច្ចស្វែងយល់ពីសត្វខ្សឹប និងជីវភាពប្រជាសហគមន៍ប្រឡាយ នាពេលថ្មីៗនេះ លោក តឹក គឹមសុង ជាមន្ត្រីសម្របសម្រួលអនុវត្តន៍គម្រោងស្រូវប្រកបដោយនិរន្តភាព នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានពន្យល់ថា គម្រោងស្រូវប្រកបដោយនិរន្តភាព (SRP) នេះគឺដើម្បីកែប្រែទម្លាប់របស់ប្រជាកសិករ ឱ្យកាន់បន្ថយការប្រើប្រាស់ជីគីមីនានា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋដែលធ្វើស្រូវគោរពតាមស្តង់ដា SRP ដូច្នេះ ការគោរពតាមស្តង់ដានេះ វានឹងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។

មន្ត្រីសម្របសម្រួលគម្រោងរូបនេះ បានបន្តថា សម្រាប់ទិន្នផលនៃការអនុវត្តគម្រោងស្រូវនេះបើទោះមិនទទួលបានផលច្រើនដូចស្រូវប្រើប្រាស់ជីគីមីច្រើន ប៉ុន្តែ ពួកគាត់អាចលក់បានថ្លៃជាងស្រូវផ្សេងៗ ខណៈនៅក្នុង១ហិកតា គឺអាចទទួលបានទិន្នផល២ ទៅ៣តោន ទៅតាមប្រភេទពូជស្រូវដែលពួកគាត់ដាំ។ ចំណែកតម្លៃវិញក្នុង ១គីឡូក្រាម អាចលក់បាន១,០០០ ទៅ១,២០០រៀល។

«បើសិនមិនមានការអភរិក្សសត្វខ្សឹបទេ គម្រោងស្រូវ SRP មិនមាននៅលើទឹកដីនេះតែម្តង និយាយរួមទៅយើងធ្វើគម្រោងទាំងនេះដើម្បីតែអភិរក្សសត្វខ្សឹប ដែលជាប្រភេទសត្វកម្រមែនទែន ដូច្នេះគម្រោងនេះនឹងបង្កើតឱ្យមានសត្វល្អិតមានប្រយោជន៍សម្រាប់ជាចំណីអាហាររបស់សត្វខ្សឹប សម្រាប់កសិករអនុវត្តគម្រោងស្រូវ SRP ត្រូវតែមានកិច្ចសន្យាជាមួយសហគមន៍ដោយបញ្ជាក់យ៉ាងច្បាស់ថា គាត់ត្រូវតែចូលរួមអភិរក្សសត្វខ្សឹប»។ នេះជាការគូសបញ្ជាក់ពីលោក តឹក គឹមសុង។

បន្ថែមពីនេះលោកបានឱ្យដឹងថា គម្រោងស្រូវប្រកបដោយនិរន្តភាព (SRP) បានពង្រីកខ្លួនទៅតំបន់ដែលមានវត្តមានសត្វខ្សឹប ដូចជានៅស្រុកបារាយណ៍, ស្រុកតាំងគោក ដែលមានប្រជាកសិករជាង ៦០០គ្រួសារ ចូលរួមអនុវត្តន៍គម្រោងស្រូវ SRP នេះ។ ដោយឡែកសម្រាប់ពេលបន្តបន្ទាប់ទៀតគម្រោងនេះនឹងបន្តដាក់នៅស្រុកកំពង់ស្វាយ, ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកបាកាន ខេត្តពោធិ៍សាត់ ប៉ុន្តែ សម្រាប់ចំនួនប្រជាកសិករ គឺមិនទាន់ដឹងច្បាស់នៅឡើយទេ។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា តាមរយៈការចូលអនុវត្តន៍គម្រោងមួយចំនួនជាមួយអង្គការដៃគូ ជាក់ស្តែង ដើម្បីអភិរក្សសត្វខ្សឹប ឬក្ងោកទេព ក្រសួងបានធ្វើការជាមួយអង្គការ WCS ដោយបានអនុវត្តន៍គម្រោងស្រូវប្រកបដោយនិរន្តភាព, ការការពារ និងអភិរក្សសំបុកសត្វខ្សឹប និងការផ្តល់ពូជក្របីដល់ប្រជាសហគមន៍ចិញ្ចឹម។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សសត្វខ្សឹប បានធ្វើឱ្យចំនួនកើនឡើង បើតាមការវាយតម្លៃ សត្វខ្សឹប (ក្ងោកទេព) ចំនួន៥៥០ក្បាល ដែលមានចំនួនសត្វខ្សឹបឈ្មោល២៣០ក្បាល ដែលតំណាងឱ្យ៧០ភាគរយ នៃចំនួនសត្វខ្សឹប លើពិភពលោក ដែលកំពុងមានរស់នៅស្រុកបារាយណ៍ និងស្រុកស្ទោង ខេត្តកំពង់ធំ នៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប។

លោកបានបញ្ជាក់ថា សម្រាប់ការអនុវត្តគម្រោងស្រូវប្រកបដោយនិរន្តភាព ដោយភ្ជាប់នឹងគោលការណ៍មិនទន្ទ្រានដីព្រៃបន្ថែម មិនបរបាញ់សត្វ មិនដាក់អន្ទាក់ចាប់សត្វព្រៃ ជាពិសេសប្រភេទសត្វខ្សឹប។ ជុំវិញការផ្សព្វផ្សាយ ប្រជាសហគមន៍បានយល់កាន់តែច្បាស់ពីសារប្រយោជន៍នៃវត្តមានសត្វខ្សឹប តាមរយៈទេសចរណ៍ធម្មជាតិជាដើម។

បើតាមលោក មាស ថាន ប្រធានសហគមន៍ប្រឡាយ បានបញ្ជាក់ថា តាមរយៈការផ្សព្វផ្សាយ និងយល់ដឹងពីគុណសម្បត្តិរបស់សត្វខ្សឹប ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោកបានចូលការពារសំបុក និងអភិរក្សសត្វខ្សឹបនេះ ដោយមិនឱ្យមានការបរបាញ់ជាដើម។

លោកថា ការពីមុនផ្ទុះជំងឺកូវីដ១៩ សហគមន៍របស់លោកបានរកចំណូលជាង១ម៉ឺនដុល្លារអាមេរិក ដោយក្នុងនោះចំណូលតាមរយៈការនាំភ្ញៀវទេសនាសត្វខ្សឹប សម្រាប់ភ្ញៀវម្នាក់ បានមើលឃើញសត្វខ្សឹបមួយក្បាល ពួកគាត់នឹងបង់ថវិកា១៥ដុល្លារ ដល់សហគមន៍ សម្រាប់អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។

កសិករសហគមន៍ប្រឡាយ លោកស្រី តែន ឃី បានឱ្យដឹងថា គ្រួសាររបស់គាត់បានចាប់ផ្តើមធ្វើស្រូវប្រកបដោយនិរន្តភាព តាំងពីឆ្នាំ២០១៦ មកម្ល៉េះ លើផ្ទៃដី៦៨អា សម្រាប់ការធ្វើស្រូវប្រភេទនេះដំបូងគឺពិបាកណាស់មកពីជួបគ្រោះរាំងស្ងួត ប៉ុន្តែ នៅឆ្នាំបន្តបន្ទាប់មក គឺទទួលបានទិន្នផលល្អចាប់ពីជាង១តោន រហូតដល់២តោន ដោយ ១គីឡូក្រាម ទទួលបានតម្លៃ១,១៥០រៀល ទៅ១,២០០រៀល ខណៈស្រូវធម្មតា បានតែ៨០០ ឬ៩០០រៀលនោះទេ។

លោកស្រី សន សុកាន ជាប្រជាកសិករ នៅសហគមន៍ប្រឡាយ ក៏បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងតាមការការចូលរួមអភិរក្ស និងការសត្វខ្សឹប ដែលជាប្រជាភេទបក្សីជិតផុតពូជលើពិភពលោក ដោយទទួលផលពីសត្វខ្សឹបនេះ តាមរយៈទេសចរណ៍ និងការចូលរួមអនុវត្តន៍គម្រោងស្រូវប្រកបដោយនិរន្តរភាព។

លោកស្រីថា កាលណាគ្មានវត្តមានសត្វខ្សឹបនៅក្នុងតំបន់របស់លោកស្រីទេវានឹងធ្វើឱ្យបាត់ប្រយោជន៍ជាច្រើនតាមរយៈការទេសចរណ៍ ជាពិសេសបាត់បង់ការអនុវត្តគម្រោងស្រូវប្រកបដោយនិរន្តរភាព ដែលគម្រោងស្រូវនេះមានតម្លៃថ្លៃជាងស្រូវធម្មតាជាដើម៕