(កំពង់ធំ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានដាក់ចេញផែនការសកម្មភាព ដើម្បីអភរិក្សសត្វដំរីអាស៊ី មានរយៈពេល១០ឆ្នាំ និងត្រូវការថវិកាប្រមាណ៤០លានដុល្លារ។

ការឱ្យដឹងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តកំពង់ធំ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ដែលជាថ្ងៃចំទិវាសត្វដំរីអន្តរជាតិ ១២ សីហា។ លោកបានឱ្យដឹងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានចេញនៅផែនការសកម្មភាព អភិរក្សដំរីអាស៊ីនៅកម្ពុជា រយៈពេល១០ឆ្នាំ ដែលត្រូវចំណាយថវិកា ប្រមាណជា៤០លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំ ដើម្បីដោះស្រាយបញ្ហាអាទិភាព ចំនួន៧ ដែលត្រូវធ្វើ រាប់ទាំងការអភិរក្ស និងសំខាន់ជាងគេគឺការដោះស្រាយជម្លោះមនុស្ស និងសត្វដំរី»

ចំពោះមុខនៃការគំរាមកំហែងសត្វដំរីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន៧ ក្នុងនោះរួមមានទី១៖ ការកាត់បន្ថយការបាត់បង់ទីជម្រក, ទី២៖ អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ទី៣៖ ពង្រឹងការអនុវត្តន៍ច្បាប់, ទី៤៖ បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, ទី៥៖ បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ទី៦៖ អប់រំផ្សព្វផ្សាយ និងទី៧៖ សិក្សាស្រាវជ្រាវ និងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី។ តាមរយៈផែនការសកម្មភាពនេះ ក្រសួងបរិស្ថាននិងអង្គការដៃគូ បានរកឃើញថាដំរីចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់មួយចំនួនឡើងវិញដូចជានៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាដើម។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា កម្ពុជាបច្ចុប្បន្ននេះ មានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប (តំបន់ព្រៃឡង់) និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ក្បាល។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា កម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយប្រទេសនានាលើពិភពលោកក្នុងការអភិរក្សសត្វដំរី ដែលនៅសេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយ ដែលមាន លក្ខណៈគំរាមកំហែងដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ដំរីអាស៊ីកំពុងរងការគំរាមកំហែងនៅលើសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្ស និងសត្វដំរី និងការចាប់ផ្សាំយកមកចិញ្ចឹមក្នុងស្រុក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។

តំណាងទីភ្នាក់ងារជំនួយអាមេរិក USAID បានឱ្យដឹងថា សត្វដំរី បានស្ថិតនៅក្នុងវប្បធម៌ខ្មែរ រាប់ពាន់ឆ្នាំមកហើយ។ សត្វដំរី ត្រូវបានចាឆ្លាក់យ៉ាងលេចធ្លោនៅលើប្រាង្គប្រាសាទអង្គរ ដ៏វិសេសវិសាលហើយរូបដំរីទាំងនោះឆ្លុះបញ្ចាំងពីសារសំខាន់វប្បធម៌ប្រវត្តិសាស្ត្ររបស់សត្វដំរី ចំពោះសង្គមខ្មែរ។

តំណាង USAID បានបញ្ជាក់ថា «ផ្អែកលើការស្រាវជ្រាវពេលថ្មីៗនេះ របស់យើងចំនួនសត្វដំរី នៅក្នុងដែនជម្រកព្រៃ ព្រៃឡង់ ឆែប និងដែនជម្រកសត្វព្រៃព្រះរកា មានចំនួន៥១ក្បាល។ ចំនួនដំរី ទាំងនេះមានហានិភ័យធ្ងន់ធ្ងរ ដោយសារជាប់អន្ទាក់ និងការបាត់បង់ជម្រក»

បើតាមលោក ចន្ថា ណាសាក់ មន្ត្រីកម្មវិធីប្រភេទសត្វបង្គោលនៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ប្រចាំកម្ពុជា ហៅកាត់ FFI ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៃយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែសីហា បានឱ្យដឹងថា តាមរយៈការប្រមូលលាមកដំរីមកធ្វើវិភាគ ដើម្បីសិក្សារាប់ចំនួនសត្វដំរីអាស៊ីនៅតំបន់ព្រៃឡង់ដែលមានខេត្តចំនួន៤ គឺក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ បានបង្ហាញថា មានវត្តមានសត្វដំរីអាស៊ីចំនួន៣១ក្បាល ខណៈការប៉ាន់ប្រមាណស្ថិតក្នុងចំន្លោះ២៦ ក្បាល ទៅ៤១ក្បាល។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់ថា៖ «លទ្ធផលទាំងអស់នេះ គឺជាមោទនភាពរបស់យើងទាំងអស់គ្នាដែលបានដឹង និងលើសពីអ្វីដែលយើងបានគិតថា ដំរីនៅតំបន់ព្រៃឡង់មានក្រោម២០ក្បាល ឬជាង១០ក្បាលប៉ុណ្ណោះ»

បន្ថែមពីនេះ លោកបានបន្តថា តាមការវិភាគសេនេទិចបង្ហាញថា ភាពចម្រុះនៃហ្ស៊ែន របស់សត្វដំរីនៅតំបន់ព្រៃឡង់ គឺមានកម្រិតខ្ពស់ជាងតំបន់ផ្សេងទៀត ពោលគឺលទ្ធភាពនៃការបន្តពូជមានភាពប្រសើរជាងតំបន់ផ្សេងទៀត ដោយសារវាពុំមានឈាមជ័រជាន់គ្នា។

យោងតាមការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញក្នុងរយៈពេល៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩,៤៦៣ក្បាល ទៅ ៤៧,៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា៕