(ភ្នំពេញ)៖ កម្ពុជាសុវណ្ណភូមិ បានលេចឡើងខ្ពស់ត្រដែតជាថ្មីម្តងទៀតនៅលើឆាកអន្តរជាតិ តាមរយៈការដឹកនាំកិច្ចប្រជុំកំពូលរដ្ឋមន្ត្រី ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានបញ្ចប់ដោយជោគជ័យ ទទួលបានការពេញចិត្ត ការទទួលស្គាល់ និងការវាយតម្លៃខ្ពស់ ពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមហាអំណាចធំៗនៅលើពិភពលោក ។ គ្មានគណៈប្រតិភូមហាអំណាច ឬប្រទេសជាមិត្តណាមួយ ទាមទារឱ្យមានរថយន្តពាសដែក ឬដាក់លក្ខខណ្ឌពិសេសអ្វី ទៅលើវិធានការសន្តិសុខទាល់តែសោះ ហើយកិច្ចប្រជុំជាអន្តរជាតិដ៏ធំនេះ បានប្រារព្ធធ្វើឡើងយ៉ាងរលូន ក្នុងបរិយាកាសស្ងប់ស្ងាត់ និងសុវត្ថិភាពដ៏ល្អប្រសើរបំផុត។

កម្ពុជាទទួលបានការកោតសសើរជាខ្លាំង ចំពោះភាពជោគជ័យចម្បងគេ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងវឌ្ឍនភាពសង្គម ដែលភ្ញៀវបរទេសបានឃើញច្បាស់នឹងភ្នែកផ្ទាល់ នាឱកាសមកចូលរួមកិច្ចប្រជុំនេះ។

សមិទ្ធផលដែលជាតិ និងប្រជាជនកម្ពុជាទទួលបានចាប់តាំងពីការប្រឹងរស់ឡើងវិញពីបាតដៃទទេ រហូតមានការអភិវឌ្ឍយ៉ាងស្គុះស្គាយ និងមានកិត្តិយស មានការទទួលស្គាល់ មានការគោរព និងផ្តល់តម្លៃ ពីសហគមន៍ក្នុងតំបន់ និងអន្តរជាតិ គឺជាភ័ព្វសំណាងរបស់ប្រជាជាតិកម្ពុជា ដែលមានមេដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងភាពវាងវៃប៉ិនប្រសប់ ពោរពេញដោយឆន្ទៈមនសិការស្នេហាជាតិដ៏មោះមុត។ គុណូបការៈដ៏សែនថ្លៃថ្លារាប់មិនអស់របស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាស្ថាបនិកនៃសន្តិភាព និងវឌ្ឍនភាពរបស់កម្ពុជា ត្រូវបានតបស្នងមកវិញដោយក្តីស្រឡាញ់ និងគោរពអស់ពីដួងចិត្តរបស់ប្រជាជនកម្ពុជាទាំងមូល តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅ។

ថ្មីៗនេះគ្រឹះស្ថានឧត្តមសិក្សាដ៏ធំរបស់ជាតិ ក៏បានប្រគល់ជូននាយករដ្ឋមន្ត្រីដ៏ឆ្នើមនៃកម្ពុជា នូវ «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍» ដែលឆ្លុះបញ្ចាំងនូវការទទួលស្គាល់គំនិត គុណតម្លៃ និងស្នាដៃដ៏ឆ្នើម ក្នុងការនាំមកនូវការអភិវឌ្ឍន៍ជូនជាតិ និងការរួមចំណែកដល់សុខុមាលភាពក្នុងតំបន់។

ចំណែកឯក្រុមប្រឆាំងជ្រុលនិយម និងក្រុមក្បត់ជាតិវិញ ត្រូវបានប្រជាជនស្គាល់ក្រយ៉ៅ និងលែងគាំទ្រទាំងស្រុង។ ពួកជនឧទ្ទាមមួយក្តាប់តូចនេះត្រូវបានហ៊ុព័ទ្ធរឹតរួត ដោយសំណាញ់ច្បាប់ និងក្លាយខ្លួនជាទណ្ឌិតរត់ចោលស្រុកជាដរាប ។ បើទោះបីជារស់នៅផ្ញើខ្លួនជាមួយបរទេសទៅហើយក្តី ក៏ពួកជនអគតិទាំងនេះ នៅតែបន្តប្រព្រឹត្តទង្វើល្មើសច្បាប់ដ៏ងងើល ដោយភ្លេចគិតថានៅទីណាក៏មានច្បាប់ និងក៏ត្រូវតែគោរពច្បាប់។

ជាក់ស្តែងឥឡូវនេះសូម្បីតែតុលាការនៅស្រុកបារាំង ក៏កំពុងតែមានវិធានការច្បាប់ទៅតាមនីតិវិធីលើទណ្ឌិតអត់កំណើតវង្វេងជាតិ ដែលតែងផ្គើនទៅនឹងច្បាប់គ្រប់ទីកន្លែង ។ ដូចនេះមិនយូរទេ បុគ្គលនេះនឹងទទួលបាននូវលទ្ធផលដ៏សក្តិសម ទៅនឹងអំពើបំពានដ៏ល្ងង់ខ្លៅរបស់ខ្លួនបន្ថែមទៀត។

ការពិតពីមាតុភូមិ, ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២