(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២នៃខេត្តសៀមរាប ចំនួន២៤នាក់ ក្រោមអធីបតីភាព លោក គុជ លីណា អនុប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃគឺ ថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២២ ដើម្បីបង្កើនចំណេះដឹងដល់មន្ត្រីប្រចាំការអនុសាខាក្នុងការបំពេញការងារភារកិច្ចជាប្រតិបត្តិករមនុស្សធម៌ជួយសង្គ្រោះដល់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។

លោកបានបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់លើការងារវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ២០២១-២០៣០ កាកបាទក្រហមកម្ពុជា រួមមាន៖
១- វិស័យអាទិភាពគ្រប់គងគ្រោះមហន្តរាយវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២- វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣- វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤- វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន។

លោក គុជ លីណា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺមានសារសំខាន់ណាស់ក្នុងការផ្តល់នូវចំណេះដឹងពេញលេញជាមូលដ្ឋានគ្រឹះជូនសិក្ខាកាម ដើម្បីយកទៅបំពេញការងារក្នុងវិស័យមនុស្សធម៌ ការងារសង្គម ក៏ដូចការងារអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនទៅអនាកតផងដែរ។ ជាមួយគ្នានោះ លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់នៅក្នុងវគ្គនេះ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវរាល់បទបង្ហាញចូលរួមហ្វឹកហាត់វិជ្ជាសង្គ្រោះបឋមឱ្យបានច្បាស់លាស់ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ។

កិច្ចការដ៏សំខាន់ចាំបាច់មួយទៀតនោះ គឺពេលវិលត្រឡប់ទៅក្រុង-ស្រុកវិញ សិក្ខាកាមត្រូវយកចំណេះដឹងនេះទៅផ្សព្វផ្សាយបណ្តុះបណ្តាលបន្តជូនដល់ក្រុមកាកបាទក្រហមកម្ពុជាឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលាយតាមដែលអាចធ្វើបាន ដើម្បីពង្រីកបន្តនូវវប្បធម៌ចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះ ផ្ដោតជាសំខាន់លើប្រធានបទមួយចំនួន រួមមាន៖
១. អំពីកាកបាទក្រហម៖ ប្រវត្តិកាកបាទក្រហម សមាសភាគកាកបាទក្រហម បដិរូមសញ្ញាសម្គាល់របស់ចលនា គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិកាកបាទក្រហមកម្ពុជា និងយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
២. អំពីវិជ្ជាសង្គ្រោះបឋម៖ គោលការគ្រឹះនៃការសង្គ្រោះ ស្ថានភាពដំណេកសុវត្ថិភាព សភាពស្ហុក ស្លាក់ លង់ទឹក ធ្លាក់ពីលើទីខ្ពស់ ឆក់ចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរណ៍ របួសគ្រប់ប្រភេទ ពុល ប្រកាច់ ហូរឈាម សន្លប់ CPR ការបាក់ឆ្អឹង និងការបញ្ជូនជនរងគ្រោះ៕