(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចុះចែជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧០គ្រួសារ មកពីសង្កាត់ផ្សារដេប៉ូទី៣ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីជួយសម្រួលការ លំបាកបានមួយគ្រា។

សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខាងលើនេះ បានធ្វើឡើងបន្ទាប់កម្លាំងសណ្ដាប់ធ្នាប់ និងភ្នាក់ងារអនាម័យចំនួន ៧០នាក់ផ្សេងទៀតនៃរដ្ឋបាល ខណ្ឌទួលគោក កាលពីថ្ងៃនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក៏បានទទួលការសំណេះសំណាល និងទទួលអំណោយលើកទឹកចិត្ត ព្រមទាំងការដឹកនាំបន្ថែមទៀតអំពីការ ពង្រឹងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ ដើម្បីបម្រើជូនប្រជាពលរដ្ឋពីលោក ជា ពិសី ដែលជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ឆ្លៀតក្នុងឱកាសឧបត្ថម្ភអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ លោក ជា ពិសី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយឡើយ។

លោក ជា ពិសី ក៏បាននាំយកប្រសាសន៍ដ៏ថ្លៃថ្លានិងការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមួយចំនួនទៀត ដើម្បីផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ រួមមាន៖
* ជំរុញឲ្យកូនចៅបានចូលរៀនគ្រប់ៗគ្នា។
* សូមស្រ្តីដែលមានផ្ទៃពោះទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។
* ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសត្រូវចេះការពារខ្លួនពីជំងឺឆ្លងផ្សេងៗ ពិសេសជម្ងឺកូវីដ១៩។
* ត្រូវចេះស្រឡាញ់រាប់អាន យកអាសាគ្នាទៅវិញទៅមកក្នុងនាមញ្ញាត្តិជិតខាង។
* ត្រូវប្រុងប្រយ័ត្នកុំឱ្យចាញ់បោកមេខ្យល់ដែលនាំពលករទៅធ្វើការនៅប្រទេសក្រៅដោយខុសច្បាប់។
* ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់។
* សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាមូលហេតុនៃអំពើហិង្សា និងអំពើចោរកម្ម ។

សូមជម្រាបថា សម្រាប់អំណោយរបស់កាកបាទក្រហមកម្ពុជា ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានលោក ជា ពិសី ដឹកនាំក្រុមការងារនាំយកមកឧបត្ថម្ភ ដើម្បីជួយសម្រាលជីវភាពរស់នៅដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋងាយរងគ្រោះ ទាំង៧០គ្រួសារ គឺក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, មី១កេស, ទឹកសុទ្ធ១កេស, ម៉ាស់១កញ្ចប់, និងថវិកា ២០,០០០រៀល។

សូមបញ្ជាក់ទៀតថា សម្រាប់អំណោយដែលលោក ជា ពិសី ឧបត្ថម្ភលើកទឹកចិត្តដល់កម្លាំងសណ្ដាប់ធ្នាប់ និងភ្នាក់ងារអនាម័យរដ្ឋបាលខណ្ឌ ទាំង៧០នាក់ រួមមាន៖ អង្ករ ២៥គីឡូក្រាម, ឯកសណ្ឋាន ២ឈុត, និងថវិកាចំនួន ២០,០០០រៀល សរុបទាំងអស់មានអង្ករ ១,៧៥០គីឡូក្រាម, ឯកសណ្ឋាន ១៤០ឈុត និងថវិកាចំនួន ១,៤០០,០០០រៀល៕