(កំពង់ចាម)៖ លោកស្រី លាង វួចឆេង ហ៊ុនណេង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ហ៊ុន សាន ឧបាសក ហ៊ុន ស៊ាងហេង ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្វពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខគម្រប់១០០ថ្ងៃ នៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។

ពិធីបុណ្យទក្ខិណានុប្បទានតាមបែបប្រពៃណីព្រះពុទ្ធសាសនានេះ ត្រូវបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសក រាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នាភូមិគ្រឹៈសម្តេចឧត្តមទេពញាណ ហ៊ុន ណេង លេខ០០៩ ផ្លូវព្រះកេតុមាលា ភូមិ៧ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងភរិយា កូនចៅ ក្រុមគ្រួសារ សាច់ញាតិទាំងអស់ បានរៀបចំនូវគ្រឿងរណ្តាប់បាយសីគ្រឿងសក្ការៈបូជាផ្កាភ្ញីទៀនធូបទឹកអប់ប្រេងម្ស៉ៅផ្លែឈើកសិផលនំចំណី ភេសជ្ជៈ ម្លូស្លាបារី សំពតខោអាវ គ្រឿងតុបតែងសំអាងកាយ ភ្លេងប្រណែណី ពលីការបូជាទេវតា បូងសួងសុំម្ចាស់ទឹកម្ចាស់ដីម្ចាស់ភូមិគ្រឹៈ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដើម្បីជាកិច្ចនៃការប្រារព្វពិថីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូន សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្នុងរយៈពេល២ថ្ងៃនេះ បានប្រព្រឹត្តិទៅប្រកបដោយភាពសុខដុមរមនាត្រជាក់ត្រជុំថ្កើនថ្កានចូលកើតមានដល់ភរិយាបងប្អូនកូនចៅ និងញាតិកាលទាំងប្រាំពីរសណ្តានរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ជាពិសេសអ្នកដែលអញ្ជើញមកពីទីជិតឆ្ងាញ់ទាំងអស់ ចូលរួមពិធីបុណ្យគំរប់ខួប ១០០ថ្ងៃនេះ។

នៅក្នុងពិធីបួងសួងពលីការបូជាទេវតា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រី លាង វួចឆេង បានអញ្ជើញអុជទានធូបទឹកអប់ប្រេងម្ស៉ៅ ថ្វាយដល់គ្រឿងបូជាសក្ការៈដែលបានរៀបចំយ៉ាងល្អវិចិត្រ។ ពិធីដែលរៀបចំឡើង ដោយអ្នកឧកញ៉ាព្រះស្តេច ហេង គឹមគុណ ធម្មការព្រះបរមរាជវាំង បានធ្វើបទនមសិកាព្រះរតនត្រ័យថ្វាយបង្គុំដល់គុណបុណ្យទេវតាវត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសបារមីវត្ថុស័ក្តិសិទ្ធថែរក្សាក្នុងភូមិគ្រឹៈ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមរតនា អញ្ជើញមកសន្ធិតប្រោះព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ដល់ការប្រារព្វពិធីបុណ្យទក្ខិណានុប្បទានគំរប់ខួប ១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូន សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខហើយ នោះ។

សូមបញ្ជាក់ដែរថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង ម្តាយឈ្មោះ ឌី ប៉ុក សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង ១៨និង២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង។

បន្ទាប់មកលោកស្រី លាង វួចឆេង ហ៊ុនណេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ហ៊ុន សាន ឧបាសក ហ៊ុន ស៊ាងហេង ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិទាំងអស់ បាននិមន្តសម្តេចព្រះព្រះពោធវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឍនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃជាន់ខ្ពស់ ៩ព្រះអង្គ ចម្រើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល សំដែងព្រះសទ្ធម្មវិសេសទេសនា ក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាព្រះស្តេច ហេង គឹមគុណ ធម្មការ ព្រះបរមរាជវាំង។

សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន សាន ឧបាសក ហ៊ុន ស៊ាងហេង ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិទាំងអស់ បានធ្វើបទនមសិកា ព្រះរតនត្រ័យ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រួ ដែលព្រះអង្គត្រាសដឹងនូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និង ព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិជា រៀង ដរាប រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។ ពុទ្ធឱវាទ និងធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រួ គឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ឲ្យប្រកាន់នូវអំពើល្អ អំពើជាកុសល លះបង់ នូវអំពើបាប អំពើជាអកុសល ដើម្បីសាងនូវកុសលទាន តម្កល់ទុកសំរាប់អនាគតជាតិ ពិសេសទៅទៀតនោះ ពុទ្ធបរិស័ទគ្រប់រូបត្រូវតែគោរពប្រតិបត្តិ និងដឹងគុណចំពោះបុព្វការីជន មានមាតាបិតាទាំងរូបលោក នៅមានអាយុសង្ខាក្តី ឬទទួលមរណភាពទៅហើយក្តី។

នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះសង្ឃនាយករងទី២ ទី៣ សម្តេចព្រះរាជាគណះ និងព្រះសង្ឃទាំង៩ព្រះអង្គ បានប្រោសព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិ ក្នុងឋានបរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ និងម៉្យាងវិញទៀត តាមអំណាចនៃពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនេះដែរ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណះ និងព្រះសង្ឃទាំង៩អង្គ បានប្រសិទ្ធពរដល់ ទសបារមីវត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាការពារ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងភរិយា កូនចៅ ក្រុមគ្រួសារសាច់ញាតិទាំងអស់ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះ អស់មាសត្រូវ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ដើម្បីថែរក្សាការពារសុខ សន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនរុងរឿង ចាប់តាំងពី ពេលនេះជាយូរអង្វែងតរៀងទៅ។

សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន សាន ឧបាសក ហ៊ុន ស៊ាងហេង ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិទាំងអស់ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តេជះបារមីទេវតា រក្សា ព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាមហាស្វេតច្ឆត្រ សូមជួយនាំដំណើរវិញ្ញាណក័្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមបានទៅកាន់ឋានសួគាលៃ ប្រកបដោយបរម សុខកុំបីឃ្លៀងឃ្លាតឡើយដោយប្រការណាមួយឡើយ។

នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន សាន ឧបាសក ហ៊ុន ស៊ាងហេង ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិទាំងអស់ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បាននិមន្តសម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះសទ្ធម្មវិសេសទេសនា សំដែងពីគុណបុណ្យរបស់លោកឪពុក ដែលមានចំពោះភរិយា កូន ចៅ ចៅទួត ពិសេសការរកស៊ីចិញ្ចឹមបីបាប់ភរិយា កូន ចៅ ចៅទួត ដែលជាគុណដ៏ធំមិនអាចកាត់ថ្លៃបាន ក្នុងការកសាងមហាគ្រួសារមួយដ៏ធំក្នុងសង្គម។

នៅក្នុងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនោះដែរ សម្តេចព្រះវ័ន្តរត្នបានចំរើនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធ ទេវតាថែក្សាក្នុងលោក និងបានប្រោសព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខហើយនោះ បាន យោងយិតទៅចាប់បដិសន្ធិ ក្នុងឋានបរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ ពិសេសសូមជួយនាំដំណើរវិញ្ញាណក័្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមបានទៅកាន់ឋានសួគាលៃ ប្រកបដោយបរម សុខកុំបីឃ្លៀងឃ្លាតឡើយដោយប្រការណាមួយឡើយ។

នៅក្នុងពិធីនោះដែរ លោកស្រី លាង វួចឆេង ហ៊ុនណេង សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន សាន ឧបាសក ហ៊ុន ស៊ាងហេង ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិទាំងអស់ បានប្រគេនប្ច័យថ្វាយសម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចព្រះសង្ឃនាយករង បានប្រសិទ្ធពរដល់ ទសបារមីវត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាការពារ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កូនចៅក្រុមគ្រួសារសាច់ញាតិទាំងអស់ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះអស់មាសត្រូវ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនរុងរឿង ចាប់តាំងពីពេលនេះជាយូរអង្វែងតរៀងទៅ៕