(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាល អំពីវិធីសាស្រ្តសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប ចំនួន២៤នាក់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ថ្ងែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវិធីសាស្រ្តសង្គ្រោះបឋម ដល់មន្ត្រីអនុសាខាក្រុង-ស្រុកទាំង១២ នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីបង្កើនចំណេះដឹងដល់មន្ត្រីប្រចាំការអនុសាខា ក្នុងការបំពេញភារកិច្ចជាប្រតិបត្តិករមនុស្សធម៌ ជួយសង្គ្រោះដល់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ប្រកបដោយប្រសិទ្ធភាព ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា រួមមាន៖ ១- វិស័យអាទិភាព គ្រប់គងគ្រោះមហន្តរាយវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២- វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣- វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង៤- វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន។

លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺមានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវចំណេះដឹងពេញលេញជាមូលដ្ឋានគ្រឹះ ជូនដល់លោក លោកស្រី ដែលជាមន្ត្រីអនុសាខា ដើម្បីយកទៅបំពេញការងារក្នុងវិស័យមនុស្សធម៌ ការងារសង្គម ក៏ដូចការងារអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនទៅអនាគត។ លោកបន្តថា សូមលោក លោកស្រីទាំងអស់នៅក្នុងវគ្គ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវរាល់បទបង្ហាញ ចូលរួមហ្វឹកហាត់វិធីសាស្រ្តសង្គ្រោះបឋមឱ្យបានច្បាស់លាស់ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ។

លោកសង្ឃឹមថា តាមរយៈនៃវគ្គបណ្ដុះបណ្ដាលនេះ ពេលវិលត្រឡប់ទៅមូលដ្ឋានក្រុង-ស្រុកវិញ សូមលោក លោកស្រី ដែលទទួលបានចំណេះដឹងត្រូវយកទៅផ្សព្វផ្សាយ និងធ្វើការបណ្តុះបណ្តាលបន្ត ជូនដល់ក្រុមកាកបាទក្រហមកម្ពុជាឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យបានទូលាយតាមដែលអាចធ្វើបាន ដើម្បីពង្រីកបន្តនូវវប្បធម៌ចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមកនៅពេលដែលមានបញ្ហាកើតឡើង។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយផ្ដោតជាសំខាន់លើប្រធានបទចំនួន២ ទី១- អំពីកាកបាទក្រហម ស្ដីអំពីប្រវត្តិកាកបាទក្រហម សមាសភាគកាកបាទក្រហម បដិរូមសញ្ញាសម្គាល់របស់ចលនា គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិកាកបាទក្រហមកម្ពុជា និងយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងទី២- អំពីវិជ្ជាសង្គ្រោះបឋម ស្ដីអំពីគោលការណ៍គ្រឹះនៃការសង្គ្រោះ ស្ថានភាពដំណេកសុវត្ថិភាព សភាពស្ហុក ស្លាក់ លង់ទឹក ធ្លាក់ពីលើទីខ្ពស់ ឆក់ចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរណ៍ របួសគ្រប់ប្រភេទ ពុល ប្រកាច់ ហូរឈាម សន្លប់ CPR ការបាក់ឆ្អឹង និងការបញ្ជូនជនរងគ្រោះផងដែរ៕