(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ បានថ្លែងថា ផលិតភាពក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា បានបង្ហាញកំណើនដ៏ល្អប្រសើរ ដោយក្នុងរយៈពេល៦ខែឆ្នាំនេះ តម្លៃផលិតកម្មក្នុងវិស័យនេះ បានកើនឡើងដល់ជាង៧ពាន់លានដុល្លារ ដែលក្នុងឆ្នាំ២០២២នេះរំពឹងថា ផលិតភាពក្នុងវិស័យឧស្សាហកម្ម អាចនឹងចូលរួមចំណែកជិត ៤០% នៃផលិតផលក្នុងស្រុកសរុប (GDP)។

លោក ហេង សុគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះ ផលិតផលក្នុងវិស័យឧស្សាហកម្ម ដែលបានផលិតសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃ ៧ ៥៧៧លានដុល្លារអាមេរិក កើនឡើង៣ ២៥៤ លានដុល្លារ ឬស្មើនឹង៧៥.២៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងនោះ ផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួនជាង ២ ៣១៥ លានដុល្លារអាមេរិក និង ផលិតផលនាំចេញមានចំនួនជាង ៥ ២៦២លានដុល្លារអាមេរិក។

លោកបានអះអាងថា ការកើនឡើងនេះ ស្របពេលដែល ការផលិតក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា បានបញ្ចូលនូវបច្ចេកវិទ្យា នៅក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ កាបូប ផលិតផលធ្វើដំណើរ ស្បែកជើង ដែលធ្វើឱ្យផលិតភាពកាន់តែខ្ពស់ជាងមុន។

បន្ថែមពីនេះ បើទោះបីស្ថិតក្នុងដំណាក់កាល នៃរីករាលដាលជំងឺកូវីដ១៩ក៏ដោយ កម្ពុជានៅតែទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្ម ដែលធ្វើឱ្យម្ចាស់រោងចក្រមិនបារម្ភពីកង្វះវត្ថុធាតុដើម ការបិទទ្វាររោងចក្រ ក៏ដូចជាមិនបារម្ភពីការបញ្ជាទិញ ដែលធ្វើឱ្យមានរោងចក្រថ្មីៗ ប្រមាណជាង១០០មកបណ្តាក់ទុន បើកដំណើរការនៅកម្ពុជា នៅត្រឹមពាក់កណ្តាលឆ្នាំនេះ។ នេះគឺដោយសារការចាក់វ៉ាក់សាំង បង្កើតភាពស៊ាំក្នុងសហគមន៍ ដែលបង្កើនទំនុកចិត្តសម្រាប់អ្នកបញ្ជាទិញ និងអ្នកវិនិយោគ។

លោកបន្តថា «តាមការប្រមើលមើល នៅក្នុងឆ្នាំ២០២២នេះ យើងអាចមានកំណើនពីវិស័យឧស្សាហកម្មចូលរួម ក្នុង GDP របស់យើង ៣៩.៩០% ដែលនៅក្នុងឆ្នាំ២០២១កន្លងទៅ យើងមាន៣៨.៧០% នៃ GDP។ បើនិយាយពីកំណើននេះ គឺយើងកើនជាបន្តបន្ទាប់ ហើយប្រៀបធៀបនឹងបណ្តាវិស័យផ្សេងៗ គឺកំណើនវិស័យឧស្សាហកម្ម បានកើនឡើងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ មិនមែនមានន័យថា វិស័យកសិកម្មចុះទេ គឺកើនដែរ តែកើនក្នុងកម្រិតទាប តែវិស័យឧស្សាហកម្ម កើនឡើងក្នុងកម្រិតខ្ពស់»

លោកថា កម្ពុជានឹងបន្តជំរុញកំណើននេះជាបន្តបន្ទាប់ ដោយជំរុញការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន នៅក្នុងវិស័យឧស្សាហកម្ម តាមរយៈការបង្កើតប្រភេទឧស្សាហកម្ម ដែលពឹងផ្អែកការផលិតលើជំនាញ និងបច្ចេកវិទ្យា ដូចជារោងចក្រដំឡើងរថយន្ត រោងចក្រផលិតចំណីអាហារ រោងចក្រផលិតឈីបកុំព្យួទ័រ រោងចក្រស៊ីម៉ង់ត៍ជាដើម ដែលធ្វើឱ្យកំណើននៃការចូលរួមរបស់វិស័យនេះនៅក្នុង GDP កាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ រោងចក្រដែលបើកដំណើរការមានចំនួន ១ ៩៤៧រោងចក្រ ស្ថិតនៅក្នុង២៥រាជធានី-ខេត្ត កើនឡើងចំនួន ៤២៥ រោងចក្រ ស្មើនឹង២៧.៩២% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧រោងចក្រដំណើរ ការមានចំនួន ១ ៥២២រោងចក្រ។

រោងចក្របើកដំណើរការថ្មី ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ មានចំនួន ១១២រោងចក្រ បានបង្កើតការងារសរុបចំនួន ៧៦ ៦២៤ នាក់ និងរោងចក្របិទទ្វារឈប់ដំណើរការក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ មានចំនួន៤៧រោងចក្រ និងធ្វើឱ្យបាត់បង់ការងារចំនួន ១៦,៨៣៨នាក់។

ចំណែកកម្លាំងពលកម្មសរុបគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ មានចំនួន ១,០៤៤,២២៦នាក់ ក្នុងនោះមានស្រី្តចំនួន ៧៩៣,០២៨នាក់ ស្មើនឹង ៧៥.៩៤% មានការកើនឡើងចំនួន ៦២,០២៣នាក់ ស្មើនឹង ៦.៣១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។

រីឯទុនវិនិយោគសរុបវិញ មានចំនួនជាង ១៥ ៧០៧លានដុល្លារ មានការកើនឡើងចំនួនជាង ៦ ២៩៧លានដុល្លារ ស្មើនឹង៦៦.៩១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩ ៤១០លានដុល្លារ៕