(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រអញ្ជើញដល់ខេត្តកំពង់ចាមហើយ។ ដំណើរអញ្ជើញទៅខេត្តកំពង់ចាមនាថ្ងៃនេះ ដើម្បីរៀបចំចាត់ចែងរៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច។

ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលបានទទួលបដិសណ្ឋារកិច្ចដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

សូមរំលឹកថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពដោយជំងឺបេះដូង កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ។ មកដល់ថ្ងៃទី១១ ខែសីហា នេះ មានរយៈពេល ១០០ថ្ងៃហើយ។

នៅវេលារសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងភរិយា កូនៗ និងចៅៗ ព្រមទាំងសាច់ញាតិទាំងអស់របស់សម្តេចឧត្តមទេពញាណ បានស្រុះស្រួលមូលមតិគ្នា រៀបចំចាត់ចែងបុណ្យគម្រប់ខួប១០០ថ្ងៃ តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធរបស់សម្តេចឧត្តមទេពញាណ នៅភូមិគ្រឹះក្នុងក្រុងកំពង់ចាម៕