(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ និងសាកលវិទ្យាល័យវេស្ទើន បានសហការរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការសិក្សាតាមប្រព័ន្ធក្រេឌីតរបស់សាលាជាតិពន្ធដារ វិធានវិក្កយបត្រ និងកម្មវិធី GDT Lucky Draw» នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់ លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងលោកបណ្ឌិត កៀង រតនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវេស្ទើន មន្ត្រីរាជការពន្ធដារ និងនិស្សិតនៃសាកលវិទ្យាល័យវេស្ទើន សរុបប្រមាណ ២០០នាក់។

លោកបណ្ឌិត កៀង រតនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន បានផ្តល់នូវមតិស្វាគមន៍ចំពោះអង្គសិក្ខាសាលា និងគោរពថ្លែងអំណរគុណចំពោះលោក គង់ វិបុល និងអរគុណចំពោះ លោក លីម ដឺលុច ដែលបានផ្តល់កិច្ចសហការ ក្នុងការរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការសិក្សាតាមប្រព័ន្ធក្រេឌីតរបស់សាលាជាតិពន្ធដារ វិធានវិក្កយបត្រ និងកម្មវិធីវិក្កយបត្រនាំសំណាង GDT Lucky Draw” ជូនដល់សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវេស្ទើន»។

លោក លីម ដឺលុច បានផ្តល់នូវមតិស្វាគមន៍ចំពោះវត្តមានរបស់ លោក-លោកស្រី ប្អូនៗនិស្សិតទាំងអស់ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ ព្រមទាំងបានលើកឡើងអំពីសារសំខាន់ នៃការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងវិស័យពន្ធដារ។ ជាពិសេសក្នុងពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកែទម្រង់ប្រព័ន្ធសិក្សា នៅសាលាជាតិពន្ធដារទៅជាប្រព័ន្ធសិក្សាតាមក្រេឌីត និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យវេស្ទើនដំបូងគេ ក្នុងការផ្លាស់ប្តូរក្រេឌីតសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ។

បន្ថែមពីនេះ លោកអគ្គនាយករងក៏បានលើកឡើងពីការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) លើទូរស័ព្ទដៃ និងការពង្រឹងការអនុវត្តវិធានវិក្កយបត្រ ដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ។ កម្មវិធីវិក្កយបត្រនាំសំណាងនេះ នឹងក្លាយជាយន្តការមួយ ដែលជំរុញនិងធានាបាននូវភាពត្រឹមត្រូវនៃការបំពេញកាតព្វកិច្ចសារពើពន្ធ បរិយាកាសអាជីវកម្មល្អប្រសើរ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព។

លោក លីម ដឺលុច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យវេស្ទើន ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំសិក្ខាសាលា និងជាពិសេសមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការពន្ធដារ សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវេស្ទើនយ៉ាងផុសផុល ក្នុងការចូលរួមសិក្ខាសាលាដ៏មានអត្ថន័យនេះ៕