(ភ្នំពេញ)៖ ដោយក្ដីគោរពស្រលាញ់មានចំពោះលោក ថេង សុថុល អតីតអភិបាលខណ្ឌចំការមន និងជាអតីតប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ពីសំណាក់កងម្លាំងក្នុងមូលដ្ឋាន លោកវីរសេនីយឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និងមន្ត្រីនគរបាលខណ្ឌ លោកវរសេនីយឯក ភួង សុភ័ក្ត្រ មេបញ្ជការកងរាជអាវុធហត្ថខណ្ឌចំការមន និងមន្ត្រីកងរាជអាវុធហត្ថខណ្ឌ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជួបសម្ដែងការគួរសម និងជូនពរចំពោះលោកអភិបាលខណ្ឌចំការមន ដែលត្រូវរាជរដ្ឋាបាលភិបាលកម្ពុជា ផ្ទេរភារកិច្ចទៅជាអភិបាលខណ្ឌ៧មករា។

ថ្លែងក្នុងឱកាសនេះ លោកអធិការនគរបាលខណ្ឌ និងលោកមេបញ្ជការកងរាជអាវុធហត្ថខណ្ឌ បានលើកឡើងថា កន្លងមកកងកម្លាំងនៅក្រោមឱវាទនៃការដឹកនាំដ៏ល្អរបស់លោក ថេង សុថុល ដែលជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ តែងបានផ្ដល់ឱវាទ និងអនុសាសន៍ល្អៗដល់មន្ត្រីនគរបាល និងអាវុធហត្ថក្នុងខណ្ឌចំការមន ប្រកបដោយលទ្ធផលល្អ ទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។

ក្នុងឱកាសនេះ លោក ថេង សុថុល បានថ្លែងអំណរគុណដល់មន្ត្រីរដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ នៅក្នុងមូលដ្ឋានខណ្ឌចំការមនទាំងអស់ ដែលបានជូនពរក្នុងពេលដែលលោក វផ្ទេរភារកិច្ចពីអភិបាលខណ្ឌចំការមន ទៅជាអភិបាលខណ្ឌ៧មករាវិញ។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌសរុបចំនួន៩រូប។ នៅក្នុងអនុក្រឹត្យនេះ បានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប ដោយក្នុងនោះ លោក ថេង សុថុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ត្រូវបានផ្ទេរពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា៕