(កំពង់ចាម)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ដឹកនាំដោយលោក អ៊ុ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងសហការី បានចុះ រៀបចំសិក្ខាសាលាស្តីពី នីតិវិធីស្នើសុំអាហារូបករណ៍តាមអនឡាញ និងវគ្គបណ្តុះបណ្តាលការសិក្សានៅប្រទេសចិន ជូនសាមណៈនិស្សិត និងនិស្សិតចំនួន ៦សាកល វិទ្យាល័យ និង មជ្ឈមណ្ឌលនៅខេត្តកំពង់ចាម ព្រមទាំងរៀបចំសិក្ខាសាលាស្តីពីការតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រសិក្សា នៅប្រទេសចិន ជូនសិស្សានុសិស្សនៅវិទ្យាល័យចំនួន៣ នៅស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបមានអ្នកចូលរួមប្រមាណ ៣,០០០ អង្គ/នាក់។

សូមបញ្ជាក់ដែរថា សិក្ខាសាលានិងកម្មវិធិតម្រង់ទិសនេះបានធ្វើដូចជា៖ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ មានសិស្សប្រមាណ ១,០០០នាក់) នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២, នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ដារ មានសិស្សប្រមាណ ៦០០នាក់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២, នៅវិទ្យាល័យ ហ៊ុនសែន ពញាក្រែក មានសិស្សប្រមាណ ៤០០នាក់ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ។

នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាកំពង់ចាម បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មាននិស្សិតចូលរួម ១៥០នាក់។ នៅសាកលវិទ្យាល័យ កំពង់ចាម មាននិស្សិតពេទ្យចូលរួមប្រមាណ ១៣០នាក់ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន មានសាមណៈនិស្សិត និស្សិតចូលរួមប្រមាណ ៣០០ អង្គ/នាក់ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ (នៅទីតាំងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម)។

នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម, សាកលវិទ្យាល័យ វេស្ទើន សាខាកំពង់ចាម និងសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខាកំពង់ចាម មានគរុសិស្ស និងនិស្សិតចូលរួមប្រមាណ២៥០នាក់ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ (នៅទីតាំងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម, នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាកំពង់ចាម មានសាមណៈនិស្សិត និងនិស្សិតចូលរួមប្រមាណ២០០ អង្គ/នាក់) នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

លោក អ៊ុ វុទ្ធទី ប្រធានគណៈកម្មការអាហារូបករណ៍នៃសមាគមនិស្សិត បានលើកឡើងថា កិច្ចការមួយនេះត្រូវបានគាំទ្រពីសំណាក់ស្ថានទូតចិនប្រចាំកម្ពុជា និងក្រោមជំនួយឧបត្ថម្ភរបស់អ្នកឧញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ចាម និងរដ្ឋបាលស្រុក មេមត់ និងរដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផងដែរ។

លោក អ៊ុ វុទ្ធទី បានបន្ថែមថា ក្រុមការងារសមាគម នៅតែបន្តខិតខំធ្វើនៅតាមបណ្តាខេត្តផ្សេងៗទៀត ទៅតាមលទ្ធភាពសមាគមនិស្សិតដែលមាន។ បច្ចុប្បន្ននេះ សមាគមនិស្សិត ក៏បន្តខិតខំស្វែងរកជំនួយ ដើម្បីបន្តគាំទ្រគម្រោងចុះធ្វើសិក្ខាសាលាជូនសិស្ស និងនិស្សិតទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសិក្ខាសាលានេះដែរ ក៏រំលេចយ៉ាងច្បាស់ៗ អំពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍយុវជន ឱ្យមានសមត្ថភាពពេញលេញ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនផងដែរ

សូមបញ្ជាក់ដែរថា គោលបំណងសិក្ខាសាលាសម្រាប់កម្រិតសាកលវិទ្យាល័យនិងវិទ្យាល័យនេះដើម្បី៖

* ណែនាំអំពីបច្ចេកទេសស្នើសុំអាហារូបករណ៍តាមប្រព័ន្ធOnline សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
* លើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ និងនិស្សិត ចូលរួមវគ្គបណ្តុះបណ្តាលសិក្សារយៈពេលខ្លី តាមប្រព័ន្ធ Online ដែលជាជំនួយរបស់ក្រសួងពាណិជ្ជកម្មចិន និង China Aid
លើកទឹកចិត្ត សិស្ស និងនិស្សិត សិក្សាភាសាចិន
* តម្រង់ទិស និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីទទួលបានអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស
* ផ្សព្វផ្សាយអំពីវប្បធម៌ចិន ភាពរីកចម្រើន និងភាពស៊ីវីល័យរបស់ប្រទេសចិន តាមរយៈចែករំលែកនូវបទពិសោធន៍ ការសិក្សា និងការរស់នៅប្រទេសចិន ពីវាគ្មិន កិត្តិយស ដែលជាអតីតនិស្សិតសិក្សានៅប្រទេសចិន
* ជំរុញកំណើននិស្សិតកម្ពុជាមកសិក្សានៅប្រទេសចិន គណៈពេលដែលចំនួននិស្សិតកម្ពុជាសិក្សានៅប្រទេសចិន នៅមានកម្រិតនៅឡើយ បើប្រៀបធៀបជាមួយនិស្សិត នៅប្រទេសជិតខាង៕