(ព្រៃវែង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន១ខ្សែ ប្រវែង ១០ គីឡូ ៦៧៩ម៉ែត្រ ដែលឆ្លងកាត់ចំនួន ៣ ឃុំ គឺឃុំជីផុច ឃុំរំដេង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង និងតភ្ជាប់ព្រុំប្រទល់ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រព្វរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះដោយបានការ យកចិត្តទុកដាក់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានផ្ដល់ការគាំទ្រគម្រោងផ្លូវជាច្រើនខ្សែសម្រាប់អភិវឌ្ឍន៍ ក្នុងខេត្តព្រៃវែង ដោយសម្រេចបាននូវលទ្ធផលធំៗជាច្រើន ដើម្បីដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត ដែលកំពុងជួបការលំបាក។

លោកបានបន្ថែមថា ផ្លូវមួយខ្សែរនេះផងដែរ គឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផ្លាស់ប្តូរទំនិញគ្រប់ប្រភេទដោយងាយស្រួល ជាពិសេសគោលដៅតភ្ជាប់ផ្លូវពីទីប្រជុំជននៅជនបទ ក្នុងការរួមចំណែកលើកកំណើនជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច សំដៅរក្សាបានសុខសន្តិភាព ធានាបាននិរន្តរភាព និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បន្តថា ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវកៅស៊ូ និងបេតុង ចំនួន ១ ខ្សែ ប្រវែង ១០ គីឡូ ៦៧៩ ម៉ែត្រ ដោយតភ្ជាប់ពីឃុំជីផុច ដល់ឃុំរំដេង និង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៉ី (Asian Infrastructure Investment Bank- AIIB) នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកបណ្ឌិតសភាចារ្យ បានបន្តថា គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាង សង់ចំនួន ១២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៣ ដែលទទួល កិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន BORE KHMER CONSTRUCTION DEVELOPMENT CO., Ltd ក្នុងទឹកប្រាក់ចំនួន ១,៩១១,៨០០,៩៦ដុល្លារ។

គម្រោងស្ថាបនាផ្លូវដែលកំពុងប្រារព្ធពិធីបើកការដ្ឋាននាពេលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានងើបឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩។

ផ្លូវប្រវែង ១០គីឡូ ៦៧៩ ម៉ែត្រ នឹងត្រូវកែលម្អឡើងវិញ ក្នុងនោះផ្លូវប្រវែង ៩គីឡូ ២៧៩ ម៉ែត្រ ត្រូវចាក់កៅស៊ូពីរជាន់(DBST) និងនៅសល់ប្រវែង ១ គីឡូ ៤០០ ម៉ែត្រ ត្រូវចាក់បេតុង ដោយមានទទឹង ៨ ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ២ ម៉ែត្រ ចែកជា ២ គន្លង សម្រាប់ធ្វើចរាចណ៍៕