(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅ​ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះថ្វាយបង្គំ សំណេះសំណាល សាកសួរសុខទុក្ខ​ ព្រះសង្ឃ គណ:កម្មាធិការវត្ត ដូនជី តាជី អញ្ជើញមកពីវត្តទាំង២៥ នៃស្រុកអូរាំងឪ ព្រមទំងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហេង សំរិនចក និងមន្ត្រីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក នៅវត្តជ្រួល ភូមិជ្រួល ឃំុចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយក៏មានការប្រគល់អណ្តូងទឹក​​ ជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។

នៅក្នុងឱកាសនោះអ្នកតំណាងរាស្ត្របានទូលប្រគេន និងជម្រាបជូនលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ អ្នកចូលរួមទាំងអស់ បានយល់ជ្រាបពីស្ថានភាពវិវត្តន៍រីកចម្រើនល្អប្រសើរ ទាំងនយោបាយ សេដ្ឋកិច្ចជាតិយើងទាំងមូល។

អ្នកតំណាងរាស្ត្ររូបនេះ ក៏សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះព្រះចៅអធីការ គណ:កម្មាធិការ ​​ពុទ្ធបរិស័ទ ជុំវិញវត្តជ្រួល ដែលបានរួមគ្នា កសាងបានបណ្ណាល័យ ស្អាតធំទូលាយ​ ដើម្បីជាប្រយោជន៍កូនខ្មែរតរៀងទៅ។

លោក ចាយ បូរិន បានអំពាវនាវជំរុញលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ មាតា​បីតាសិស្ស ជួយណែនាំកូនចៅយកពេលទំនេរ​ មកអានសៀវភៅនៅទីនេះ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពយល់ដឹង ប្រែខ្លួនក្លាយជាសរសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិទៅអនាគត។

លោក ចាយ បូរិន​ ក៏បាននាំយកសៀវភៅអានចំនួន​៩២មុខ​​ សរុបចំនួន២៤១៤ ក្បាល​​​ទៅប្រគេន​​​ និងដំកល់ទុកជាប្រយោជន៍សាធារណ: ដែលក្នុងនោះដំកល់ទុកនៅក្នុងបណ្ណាល័យវត្តជ្រួលសៀវភៅអានចំនួន៩១ប្រភេទ សរុបចំនួន​១៤១៤ក្បាល និងប្រគេនសៀវភៅក្រមង៉ុយ​​​ ដល់វត្តទាំង២៥ នៃស្រុកអូរាំងឪ ដែលមួយវត្តៗទទួលបានសៀវភៅ៤០ក្បាល ជូនវិទ្យាល័យ ហេង សំរិន ចក​​២៥ក្បាល​​ និងវិទ្យាល័យអូរាំងឪ ២៥ក្បាល។​

បន្ថែមពីលើនេះ ឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់សហគមន៍ អ្នកតំណាងរាស្ត្រក៏បានប្រគេន​ ផ្តល់អណ្តូងទឹកស្អាតដល់ព្រះសង្ឃ និងប្រជាជនភូមិជ្រួលមួយផងដែរ៕