(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ហើយលោកត្រូវបានគេមើលឃើញថា មានភាពតឹងរឹងក្នុងការដឹកនាំកងទ័ព ទាំងការជ្រើសរើសទ័ពបន្ថែម ការផ្ទេរភារកិច្ច ការតែងតាំង និងការតម្លើងឋានន្ដរស័ក្ដិជាដើម។

តាមរយៈវីដេអូដែលបានបង្ហោះលើ Facebook លោក ហ៊ុន ម៉ាណែត បានទម្លាយនូវចម្ងល់ទាំងអស់នេះ ដោយបានបញ្ជាក់អំពីមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យលោកមានការតឹងរឹងលើរឿងទាំងអស់នេះ នៅពេលចូលកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងថា សម្រាប់ក្របខ័ណ្ឌបំពេញបន្ថែម ពិតណាស់ត្រូវផ្ដល់អាទិភាពទៅលើកូនចៅរបស់អតីតយុទ្ធជន និងកូនចៅសាច់ញាតិបង្កើតរបស់យោធិនដែលកំពុងបំពេញភារកិច្ច។ ប៉ុន្ដែមុនចូលបំពេញការងារ ឬពេញសិទ្ធិក្នុងក្របខ័ណ្ឌ ចាំបាច់ណាស់ត្រូវឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេល៣ខែ ដើម្បីធានាដល់គុណភាពទ័ព ហើយត្រូវបញ្ចូនទៅតាមអង្គភាព តាមការចាត់តាំងរបស់កងទ័ពជើងគោក។

លោកបានលើកឡើងទៀតថា នៅពេលចូលក្របខ័ណ្ឌ មិនត្រូវឲ្យមានជាប់កាតព្វកិច្ចអ្វីដែលប៉ះពាល់ដល់ការងារនោះទេ ពិសេសអ្នកដែលកំពុងសិក្សានៅមហាវិទ្យាល័យ គឺមិនឲ្យចូលក្របខ័ណ្ឌនោះទេ ម្ល៉េះនៅពេលគាត់បានក្របខ័ណ្ឌច្បាស់ជាសុំទៅរៀនបន្ដ ដូច្នេះចំនួនទ័ពបម្រើការងារនៅខ្វះដដែល។ លោកអះអាងថា ទស្សនកិច្ចរបស់លោក ចង់ឲ្យទាហានដែលចូលថ្មី ត្រូវឲ្យតម្លៃដល់កងទ័ព យល់ការលំបាក ដាច់ខាតមិនត្រូវប្រើពាក្យថា «យកក្របខ័ណ្ឌទុកសិននោះទេ»

ដោយឡែក ចំពោះបញ្ហាឋានន្ដរស័ក្ដិវិញ មិនមែនអាងសញ្ញាបត្រខ្ពស់ ហើយចេះតែទាមទារចង់បានស័ក្ដិនោះទេ។ បើតាមលោក ហ៊ុន ម៉ាណែត ឋានន្ដរស័ក្ដិលើស្នាមិនសំខាន់នោះទេ សំខាន់ឲ្យតម្លៃខ្លួនឯង ជំនាញក្នុងខ្លួន តួនាទីភារកិច្ច ការទទួលខុសត្រូវរបស់បុគ្គល។

មានការចោទសួរទៅកាន់លោក ហ៊ុន ម៉ាណែតផ្ទាល់ថា ហេតុអ្វីតួនាទីជាមេបញ្ជាការកងទ័ពជើងគោក មិនពាក់ផ្កាយ៤? លោកបានឆ្លើយតបថា ស័ក្ដិមិនសំខាន់ឡើយ។ លោក ហ៊ុន ម៉ាណែត បានរំលឹកថា ពេលចេញទៅប្រជុំនៅក្រៅប្រទេស មេទ័ពជើងគោកប្រទេសខ្លះ ត្រឹមតែផ្កាយមួយ ផ្កាយពីរ ក៏អង្គុយស្មើលោកដែរ។

យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះគ្រាន់តែជាអ្វីដែលលោកសូមចែករំលែកអំពីទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំពាក់ព័ន្ធនឹងការដឹកនាំកងទ័ព។ លោកមិនមែនចង់បង្ហាញថាទស្សនៈរបស់លោកល្អ ឬត្រឹមត្រូវឥតខ្ចោះនោះទេ៕

សូមស្ដាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖