(រតនគីរី)៖ រថយន្តចំនួន៤គ្រឿងលួចដឹកឈើប្រណិតល្មើសច្បាប់ បំរុងនាំចេញទៅកាន់ប្រទេសវៀតណាម តាមច្រករបៀង នៅស្រុកអូយ៉ាងដាវ ខេត្តរតនគីរី ត្រូវបានកម្លាំងគយចល័ត ដឹកនាំឲ្យលោក ព្រាប ការ៉ាត់ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី និង កងរាជអាវុធហត្ថ ស្រុកអ៊ូរយ៉ាដាវ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួល​ពីសំណាក់លោក លាង ស្រេង ព្រះរាជអាជ្ញាខេត្តរតនគិរី ចាប់បាននៅចំណុចតាមបណ្តោយផ្លូវលេខ៧៨ ភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី នៅមុខវត្តអូយ៉ាដាវ នាវេលាម៉ោង២១៖៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។

រថយន្តដឹកឈើប្រណិតល្មើសច្បាប់ចំនួន៤គ្រឿងនេះមានម៉ាក៖ Camry មួយគ្រឿង, Tacoma មួយគ្រឿង និង Tundra ពីរគ្រឿង។ ចំណែកឈើមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ មន្រ្តីជំនាញកំពុងធ្វើការវាស់វែង និងរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី។

មន្រ្តីគយចល័ត លោក ព្រាប ការ៉ាត់ បានបញ្ជាក់ Fresh News ថា ការចាប់ឃាត់រថយន្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ និងទទួលបានព័ត៌មានសំងាត់ពីកម្លាំងគយ។ ឈើប្រណិតល្មើសច្បាប់ទាំងនេះគឺជាទំនិញល្មើសច្បាប់គយ, ដូច្នេះនាយកដ្ឋានគយត្រូវតែចាត់វិធានការណ៍ និងតម្រូវឲ្យមានការបង់ពន្ធតាមច្បាប់របស់គយកំណត់។ ឈើខុសច្បាប់នេះមានតម្លៃរាប់សិបម៉ឺនដុល្លារ សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់ពីមន្រ្តីគយដែលដឹកនាំការបង្រ្កាប។

ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធឈើខុសច្បាប់ និងបង្រ្កាបរថយន្តអត់ពន្ធ នារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការ កោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធ​ពីសំណាក់កម្លាំង​គយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕