(ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល ខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត និងកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក គុណ សុភ័ណ្ឌ ស្នងរងទទួលផែនព្រហ្មទណ្ឌ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតតាមចាប់ជនដៃដល់ ដែលបានបាញ់សម្លាប់ប្អូនខ្លួនឯង។

ការចាប់ខ្លួនជនដៃដល់ បានធ្វើឡើងនៅផ្ទះសំណាក់ទឹកមាស សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោយជននេះបានរត់គេចខ្លួនពីខេត្តក្រចេះ មកភ្នំពេញ។

យោងតាមរបាការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា សង្ស័យឈ្មោះ ស្រ៊ុន សុខុម អាយុ៣០ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ជននេះបានបាញ់សម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨.០០នាទី នៅចំណុចការ៉េ៩ ស្ថិតនៅ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។

ក្រោយចាប់ខ្លួន កម្លាំងនគរបាលបាន ដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងខ្លី ម៉ាក់ Glock 19 ពណ៌ខ្មៅ ចំនួន០១ដើម, បង់ចំនួន០២, គ្រាប់ចំនួន១២គ្រាប់, ម៉្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនមេតំហ្វេតាមីនចំនួន០៣កញ្ចប់, ជញ្ជើងថ្លឹងគ្រឿងញៀនចំនួន០១ និងដែកកេះចំនួន០៤។

តាមរបាយការណ៍បញ្ជាក់បន្ថែមទៀតថា ក្រោយពីការសាកសួរ ជនសង្ស័យឈ្មោះ ស្រ៊ុន ខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំខ្លីម៉ាក Glock 19 បាញ់ទៅលើជនរងគ្រោះត្រូវជាប្អូនបង្កើតឈ្មោះ ស្រ៊ុន សុខាវ អាយុ២១ឆ្នាំ ត្រូវចំស្នៀតផ្កាខាងឆ្វេង ធ្លាយទៅស្នៀតផ្កា ខាងស្តាំបណ្តាលឲស្លាប់បាត់បងជីវិត ក្រោយពេលបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រាកដមែន។

សម្រាប់មូលហេតុវិញ ត្រូវបានជនដៃដល់ប្រាប់ថា ដោយសារខឹងជនរងគ្រោះតមាត់ ពេលដែលខ្លួនណែនាំ និងស្តីបន្ទោសតិចតួច។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស្រ៊ុន ខុម ត្រូវបានឃាត់ខ្លួនបណ្តោះនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕