(ប៉ៃលិន)៖ នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ នាមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមនឹងសមាជិក សមាជិកាគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន និងវិទ្យាល័យ ហ៊ុនសែនសាលាក្រៅ សរុបចំនួន ៣៥០នាក់ ដែលកំពុងរៀនវគ្គបំប៉នត្រៀម​ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៥-២០១៦។

ក្នុងឱកាសជួបសំណេះសំណាល លោកស្រី បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ ផងដែរ និងលោកស្រី បានណែនាំ និងផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងដែលលោកគ្រូ អ្នកគ្រូបានផ្តល់ឲ្យ ដោយមិនយល់ត្រូវហ៊ានសួរ ហ៊ានឆ្លើយ និងលះបង់ការដើរលែងច្រើន ពិសេសចំពោះសិស្សានុសិស្ស ដែលមានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម Facebook សូមកាត់បន្ថយ ឬផ្អាកលែង ដើម្បីយកពេលវេលាមកខិតខំរៀនសូត្រ បានកាន់តែច្រើន និងមានឱកាសប្រឡងជាប់ក៏កាន់តែច្រើន។

លោកស្រីក៏បានបង្ហាញពីមោទនភាព​ ចំពោះក្មួយៗនៅខេត្តប៉ៃលិន ដែលឆ្នាំកន្លងទៅបានប្រឡងជាប់ទទួលបាននិទ្ទេស A មួយរូប ដោយពេលនោះលោក អ៊ី ឈាន បានផ្តល់ម៉ូតូScoopy ០១គ្រឿង ជាការលើកទឹកចិត្ត ដល់ក្មួយដែលបានប្រឡងជាប់ទទួលបាននិទ្ទេស A ផងដែរ។ សម្រាប់ឆ្នាំនេះ លោក អ៊ី ឈាន នៅតែបន្តផ្តល់ម៉ូតូ Scoopy ០១គ្រឿង ដល់ក្មួយៗទាំងអស់ដែលប្រឡងជាប់ទទួលបាននិទ្ទេស A ដោយលោកស្រីក៏បានបន្តអំពាវនាវដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានប្រឡងជាប់ និងទទួលបាននិទ្ទេសល្អ ពិសេសនិទ្ទេស A ដើម្បីទទួលបានម៉ូតូពីលោក អ៉ី ឈាន។

ក្នុងឱកាសនោះផងដែរ លោកស្រី ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្នុងនាមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានសង្កត់ធ្ងន់ដល់អ្នកនយោបាយគ្រប់ៗរូប គួរតែមានឆន្ទៈក្នុងការចូលរួម ឧបត្ថម្ភលើកទឹកចិត្ត ដល់យុវជន ពិសេស ក្មួយៗដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តែម្តង។

លោកស្រី ក៏បានថ្លែងអំណរគុណដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានចូលរួមកំណែទម្រង់ក្នុងវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោក ហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា និងថ្លែងអំណរដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួម បង្រៀនក្នុងវគ្គបំប៉នដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលការបង្កើតកម្មវិធីបង្រៀនបំប៉ននេះ ជាគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ក្នុងការចូលរួមធ្វើកំណែទម្រង់ ជាមួយរាជរដ្ឋាភិបាល ពិសេសវិស័យអប់រំ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានឧបត្ថម្ភសៀវភៅមុខវិជ្ជា ៥មុខ គឺគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ ព្រមទាំងសៀវភៅសរសេរ និងប៊ិច ដល់សិស្សានុសិស្សទាំង៣៥០នាក់ គ្រប់ៗគ្នា ចំពោះលោកគ្រូអ្នកគ្រូទាំងអស់ ទទួលបាន សម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួន ផងដែរ៕