(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គម្រោងតំបន់អង្គរគ្មានប្លាស្ទិក នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ឧទ្យានជាតិអង្គរ ឱ្យយល់ដឹងបន្ថែមពីផលប៉ះពាល់ដោយសារប្លាស្ទិក។

ការគូសបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យគម្រោងទឹកស្អាត និងអនាម័យ (Project W) ជាគម្រោងរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅអនុវិទ្យាល័យតាប៉ាង ភូមិតាប៉ាង សង្កាត់ អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន បាននឹងខិតខំកៀរគរ អង្គការដៃគូ និងបណ្តាសប្បុរសជន ដែលបានធ្វើការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដើម្បីដាក់ឱ្យដំណើរការអាងចម្រុះទឹកស្អាតនៅតាមសាលាផ្សេងៗ។ ដោយឡែកយោងតាមការសិក្សា គឺមានសាលារៀនចំនួន៥៤សាលា ដែលនៅជុំវិញតំបន់ឧទ្យានជាតិអង្គរ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា គម្រោងនេះបានកំពុងអនុវត្តគម្រោងសាកល្បងរបស់ខ្លួនចំនួន៥សាលាក្នុងនោះរួមមាន៖ វិទ្យាល័យខ្នារសណ្តាយ, វិទ្យាល័យតេជោហ៊ុនសែន អង្គរធំ, អនុវិទ្យាល័យតាប៉ាង, អនុវិទ្យាល័យខ្ចាស់ និងវិទ្យាល័យត្រពាំងប្រិយ៍។ បន្ទាប់ពីវាយតម្លៃគម្រោងសាកល្បង គម្រោងនឹងកំពុងបន្តបេសកកម្មរបស់ខ្លួននៅក្នុងសាលារៀនសាធារណចំនួន ៤៩សាលាបន្ថែមទៀតនៅទូទាំងខេត្តសៀមរាប។ នេះគឺជាគម្រោងមួយជួយកាត់បន្ថយប្លាស្ទិក និងផ្តល់ទឹកស្អាតសម្រាប់សិស្សប្រើប្រាស់ និងផឹកដោយឥតគិតថ្លៃ។

លោក នេត្រ ភក្ត្រា បានបន្តថា៖ «សម្រាប់គម្រោងនេះនឹងផ្តល់ដបទឹកធ្វើពីអាលុយមីញ៉ូមចំនួន៤០,០០០ដប ដល់សិស្សានុសិស្សដែលនៅជុំវិញតំបន់អង្គរ។ ដែលជាគោលដៅមួយក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ធ្វើឱ្យបរិស្ថាន នៅក្នុងតំបន់ទេសចរណ៍អង្គរនេះ មានភាពល្អស្អាតគ្មានប្លាស្ទិក និងពុំមានការបំពុលដោយប្លាស្ទិក»។

លោក នេត្រ ភក្ត្រា បានកត់សម្គាល់ថា គម្រោង និងសកម្មភាពរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្តួចផ្តើមគំនិតអនុវត្តគម្រោងការអប់រំអំពីប្លាស្ទិក ក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពល រដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដោយអនុវត្តតាមគោលការណ៍ ៤អ៊ែរ៖ កាត់បន្ថយការប្រើប្រាស់ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងការបដិសេធប្រើប្រាស់ប្លាស្ទិក។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា៖ «បើយើងមើលពីកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋ យើងអាចនិយាយថានៅ១០ឆ្នាំចុងក្រោយនេះ ចំណេះដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបរិស្ថាន មានការប្រែប្រួលច្រើន ដោយសារតែមានការផ្សព្វផ្សាយបានទូលំទូលាយ ពីបណ្តាញព័ត៌មាននានា ព្រមទាំងការចូលរួមក្រសួង ស្ថាប័នពាក់ព័ន្ធជាដើម»

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានអនុវត្តគម្រោងតំបន់អង្គរ គ្មានប្លាស្ទិកដោយសហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដោយអនុវត្តតាមគោលការណ៍ ៤អ៊ែរ៖ កាត់បន្ថយការប្រើប្រាស់ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងការបដិសេធប្រើប្រាស់ប្លាស្ទិក។ គម្រោងនេះមានគោលដៅចម្បងក្នុងការលើកកម្ពស់សុខភាព ការសិក្សា និងអនាម័យឱ្យមានភាពល្អប្រសើរនៅតាមសាលារៀនសាធារណៈ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិកដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ៕