(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, គ្រឿងញៀនជាច្រើនប្រភេទ សរុប ២៦គីឡូក្រាម ២ខាំ ត្រូវបានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ អាវុធហត្ថខណ្ឌ បានបើកការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែ រហូតបង្ក្រាបានតែម្តង។

ការបង្ក្រាបជាក់ស្តែង បានធ្វើឡើងកាលពីវេលាម៉ោង ២០៖៤៥នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុច ផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖

ទី១៖ ឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ អាយុ២៣ឆ្នាំ
ទី២៖ ឈ្មោះ ហ៊ាត រ៉ូ អាយុ២៩ឆ្នាំ។

វត្ថុតាងពាក់ព័ន្ធ ដែលអាវុធហត្ថ បង្ក្រាបបានក្នុងប្រតិបត្តិការនេះរួមមាន៖ គ្រឿងញៀនចម្រុះសរុប ២៦គីឡូក្រាម ២ខាំ, សារធាតុផ្សំជាវត្ថុរាវ ចំនួន១៥ដប, ជញ្ជីងថ្លឹងចំនួន០៥, ម៉ាស៊ីនសម្រាប់លាយថ្នាំញៀន ចំនួន០២, ម៉ាស៊ីនសម្រាប់អ៊ុតថង់ប្លាស្ទិចចំនួន០៥ ព្រមទាំង ឧបករណ៍វេចខ្ចប់មួយចំនួនទៀត។

ជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា យកទៅបន្ត ការស្រាវជ្រាវ ទៅកាន់គោលដៅមួយកន្លែងទៀត នៅក្នុងអឹផាតមិនមួយ ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយឆែកឃើញសារធាតុផ្សំ កាកសំណល់គ្រឿងញៀន ឧបករណ៍សម្រាប់លាយ និងកែច្នៃគ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេត និងស្រាវជ្រាវ៕