(ភ្នំពេញ)៖ ជាការឆ្លើយតបនៅការលើកទ្បើង​ របស់គណបក្សសង្គ្រោះជាតិ ដែលមានគម្រោងផែនការ ដឹកនំាប្រជាពលរដ្ឋ ធ្វើមហាបាតុកម្ម ប្រឆំាងនឹងអំណាចតុលាការ ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា​ នោះត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកនំាពាក្យទីស្តីការគណៈរដ្ឋមន្ត្រី​​ ​​លោក ផៃ ស៊ីផាន បានហៅថាគម្រោងការធ្វើមហាបាតុកម្មនេះ គឺជាការមិនគោរពអំណាចតុលាការ និងអំណាចរដ្ឋ មិនមែនជារូបភាព ប្រឆំាងនៅក្នុងក្របខណ្ឌនៃច្បាប់ នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនោះទេ ប៉ុន្តែនេះជារូបភាពដែលគេមើលឃើញថា ជាការប្រើប្រាស់អំណាចប្រជាពលរដ្ឋ ដើម្បីធ្វើបដិវត្ត ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ពាក់ព័ន្ធនឹងការឆ្លើយតបនៃគម្រោងការធ្វើមហាបាតុកម្ម របស់​ CNRP នេះ លោក ផៃ ស៊ីផាន បានផ្តល់បទសម្ភាន៍មួយ ជាមួយអង្គភាពព័ត៌មាន Fresh News ដូចខាងក្រោម៖

Fresh News៖ តើ ឯកឧត្តម យល់យ៉ាងដូចម្តេចដែរ ចំពោះការប្រកាសធ្វើបាតុកម្មរបស់ CNRP នៅក្នុងលក្ខខណ្ឌ លោក កឹម សុខា ត្រូវបានចាប់ខ្លួន?

លោក ផៃ ស៊ីផាន៖ អរគុណ នៅក្នុងករណីរបស់ CNRP ប្រកាសថា​​ នឹងដឹកនាំឲ្យមានមហាបាតុកម្ម ក្នុងករណីការពារ ឯកឧត្តម កឹម សុខា អនុប្រធានគណបក្ស CNRP បើសិនជាមានការឃាត់ខ្លួន ឬការចាប់ខ្លួនដោយអំណាចតុលាការនោះ គឺជាករណីមួយ ដែលធ្វើឲ្យខ្ញុំយល់យ៉ាងច្បាស់ អំពីសកម្មភាពគោលការណ៍ទាំងវត្ថុបំណង និងទិសដៅរបស់ថ្នាក់ដឹកនាំ ក៏ដូចជាគណបក្សជារួម។ «គ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាមពាក្យផ្លាស់ប្តូរ» ក្រៅពីសកម្មភាពនយោបាយនៃគណបក្ស ដែលតាំងខ្លួនជាគណបក្សប្រឆាំងស្របច្បាប់មួយ។

រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ សង្ឃឹមយ៉ាងមុតមាំថា CNRP ជាដៃគូនយោបាយក្នុងកិច្ចថែរក្សាសន្តិភាព តុល្យភាពនយោបាយសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រក្រតីភាពអំណាចរដ្ឋ និងការអភិវឌ្ឍន៍។ ជាពិសេសពង្រឹងនីតិរដ្ឋ និងប្រឆាំងនិទ្ទណ្ឌភាព ដែល CPP និង CNRP បានប្តេជ្ញារួចជាស្រេច។ ក្រៅពីការវាយប្រហារបំបាក់តម្លៃ និងអំណាចរដ្ឋ ដែលបានចែងក្នុងច្បាប់នៃស្ថាប័នទាំង៣រួមមាន៖ សភា រដ្ឋាភិបាល និងតុលាការ។ យើងបានដឹងយល់ទាំងអស់គ្នាហើយថា ដើម្បីអំណាចគ្រប់គ្រងរដ្ឋ យុទ្ធសាស្ត្រមួយចំនួនត្រូវបានគេយកមកប្រើ។

១. ប្រឆាំង និងធ្វើឲ្យតម្លៃរដ្ឋស្រុតចុះ ឬបាត់បង់ដោយមិនទទួលបានសហការ ឬការគោរពពីមជ្ឈដ្ឋានពលរដ្ឋ។ ទិសដៅរដ្ឋាភិបាល និងសភា ត្រូវបានប្រឆាំងស្លាប់រស់ នៅក្នុងរយៈពេលកន្លងមក ហើយនោះមិនគិតដល់ផែនការអាថ៌កំបាំង​​ ជាយថាហេតុណាមួយ តាមរយៈការបង្កើតបណ្តាញ ឬអង្គការមិនមែនរដ្ឋាភិបាល សហជីព ឬក្រុមសកម្មប្រយុទ្ធដទៃទៀតគ្រប់រូបភាព ដែលមានទិសដៅប្រឆាំងឲ្យមានឱកាស ឬធ្វើឲ្យមានការផ្លាស់ប្តូរ តាមបែបបថនៃរូបភាពជាយថាហេតុណាមួយ។ ក្រៅពីការតទល់និងស្ថាប័នជាតិពីរយ៉ាងខ្លាំង និងចំហរមកហើយ គឺសភា និងរាជរដ្ឋាភិបាល ជាមួយកងទ័ព ឥឡូវនេះ គឺច្បាស់ណាស់ គឺទិសដៅស្ថាប័នតុលាការ។ ការមិនសហការជាមួយនិងតុលាការ ដោយយកប្រជាពលរដ្ឋ មកធ្វើបាតុកម្មប្រឆាំងអំណាចតុលាការ និងអំណាចរដ្ឋ គឺមិនមែនជារូបភាពប្រឆាំងក្នុងក្របខណ្ឌច្បាប់ នៃសង្គមប្រជាធិបតេយ្យ នីតិរដ្ឋនោះទេ ក៏ប៉ុន្តែជារូបភាពដែលគេឃើញ នៅក្នុងប្រជាជាតិមួយចំនួន ដែលគេប្រើប្រាស់ «អំណាចប្រជាពលរដ្ឋ» ដើម្បីធ្វើបដិវត្តផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់មួយ។

តើហេតុការណ៍ រូបភាពនេះ ជាកិច្ចការពារបុគ្គលដែលមិនចំណុះ និងតុលាការ ឬបដិវត្តប្រឆាំងនិងតុលាការ ឬជារូបភាពរួមចលនា និងស្ថាប័នតុលាការ ដែលបង្ហាញពីការជ្រៀតជ្រែកនៃដំណើរការតុលាការ និងប្រឆាំងនឹងតុលាការតែម្តង? តើគណបក្ស CNRP ជាអ្នកដឹកនាំការបះបោរនេះឬយ៉ាងណា? ពេលនេះជាការចាប់ផ្តើមបង្ហាញការពិត​ នៃការផ្តួលរំលំនីត្យានុកូលភាព និងស្ថាប័នរដ្ឋ ដែល CNRP ប្រើ «អំណាចប្រជាពលរដ្ឋ» មកបំផ្លាញអំណាចច្បាប់ និងអំណាចរដ្ឋ ដែលគេព្យាយាមមិនទទួលស្គាល់ ឬប្លន់ឆន្ទៈមហាជន ចាប់តាំងពីក្រោយការបោះឆ្នោតមក តាមរយៈការផ្លាស់ប្តូរហិង្សា មកការផ្លាស់ប្តូរអហិង្សា ដែលជាពាក្យ ឯកឧត្តម កឹម សុខា បានប្រើប្រាស់ជាសាធារណៈរួមមកហើយ។

Fresh News៖ ចុះបើជាយថាហេតុណាមួយ នៃការអនុវត្តតាមច្បាប់របស់តុលាការ ក្នុងករណី លោក កឹម សុខា តើរាជរដ្ឋាភិបាលនឹងមានវិធានការណាមួយ ឆ្លើយតបនិងសកម្មភាពដែល CNRP បានប្រកាសនោះ?

លោក ផៃ ស៊ីផាន៖ សូមអរគុណ ចំពោះអ្វីដែលជាអាទិភាព​ នៃកាតព្វកិច្ចរបស់រដ្ឋាភិបាល គឺនៅក្នុងរាល់ខ្លឹមសារនៃច្បាប់ ក៏ដូចជារដ្ឋធម្មនុញ្ញ មាត្រា៥២ រាជរដ្ឋាភិបាលមានកាតព្វកិច្ច នៃរាល់តម្លៃណាមួយក៏ដោយ គឺកិច្ចការពារសណ្តាប់ធ្នាប់សង្គម នីត្យានុកូលភាព និងដំណើរការប្រក្រតីនៃអំណាចរដ្ឋ។ ចលនាដែល CNRP បានគ្រោងនេះ គឺមិនមែននយោបាយទេ ក៏ប៉ុន្តែជាលំអាននៃការធ្វើឲ្យដំណើរការ នៃអំណាចរដ្ឋត្រូវបានបំផ្លាញ ឬធ្វើឲ្យអំណាចរដ្ឋពិការ ដែលជាចលនាអាណាធិបតេយ្យមួយរាតត្បាតនៅក្នុងសង្គម ក្រោមរូបភាពមហាបាតុកម្មប្រឆាំង និងតុលាការ ដែលជាចលនាលាក់មុខ «អំណាចប្រជាពលរដ្ឋ (People Power)»។ រាជរដ្ឋាភិបាលប្តេជ្ញាការពារសន្តិភាព និងសេរីភាព ដើម្បីប្រជាជន៕