(ភ្នំពេញ)៖ លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២នេះ បានប្រគល់សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្រ្តី-ដំណើរឆ្ពោះទៅបន្តវេន-ហ៊ុន ម៉ាណែត» ចំនួន២០ច្បាប់ជូនលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីទុកក្នុងបណ្តាល័យ និងចែកជូនបុគ្គលិក សម្រាប់ជាឯកសារជំនួយស្មារតី។

សៀវភៅថ្មី «កូនប្រុសច្បងនាយករដ្ឋមន្រ្តី-ដំណើរឆ្ពោះទៅបន្តវេន-ហ៊ុន ម៉ាណែត» ដែលផ្តោតលើប្រវត្តិសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តី ត្រូវបានលោក ឆាយ សុផល រៀបចំចងក្រង និងត្រូវបានបោះពុម្ពចំនួន២ម៉ឺនច្បាប់រួចរាល់នៅដើមខែសីហានេះ។

ថ្លែងនៅក្នុងពិធីប្រគល់សៀវភៅ នៅឯទីស្នាក់ការអង្គភាពព័ត៌មាន Fresh News អ្នកនិពន្ធ ឆាយ សុផល បាននិយាយថា ថ្វីបើសៀវភៅដែលមានកម្រាស់ជាង៣០០ទំព័រនេះ មិនអាចរៀបរាប់អស់អំពីប្រវត្តិ និងសកម្មភាពបានទាំងអស់របស់លោក ម៉ាណែត ក៏ដោយ ក៏លោកជឿថា អាចជាឯកសារគោលមួយផ្នែកស្តីពីប្រវត្តិឯកឧត្តម ដែលជាអ្នកនយោបាយ និងអ្នកដឹកនាំជំនាន់ថ្មី។

លោក ឆាយ សុផល បន្តថា ក្រៅពីមានដំណឹងដែលប្រមូលបានពីប្រភពផ្សេងៗ លោកក៏បានទទួលដំណឹងដោយផ្ទាល់ពី សម្តេចតេជោ និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ។

យ៉ាងណាក៏ដោយ លោក សុផល បញ្ជាក់ថា ប្រសិនបើអ្នកនិពន្ធ ឬមិត្តអ្នកអានណាម្នាក់ លោកយល់ឃើញថា សៀវភៅមួយច្បាប់នេះនៅមានចំណុចខ្វះខាតនោះគេអាចសរសេរ បំពេញបន្ថែម ទៅតាមចំណេះជំនាញ និងការយល់ដឹងរៀងៗខ្លួន ព្រោះថា សៀវភៅមួយច្បាប់មិនអាចតម្រូវចិត្តមិត្តអ្នកអានគ្រប់ៗរូបបានឡើយ ជាពិសេសមិត្តអ្នកអានជា អ្នកនយោបាយ និងជាអ្នកបម្រើនយោបាយដែលមាននិន្នាការចម្រុះពណ៌។

ឆ្លៀតឱកាសនោះដែរ លោក លឹម ជាវុត្ថា បានថ្លែងអំណរគុណលោក ឆាយ សុផល ចំពោះការផ្តល់ជូនសៀវភៅនេះ ដែលជាមរតកសំណេរដ៏មានតម្លៃ។

លោកបញ្ជាក់ថា «ខ្ញុំបានអានសៀវភៅដ៏ល្អនេះរួចហើយ ហើយក៏ទទួលបាននូវចំណេះដឹងដ៏ច្រើនបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការសរសេរព័ត៌មាន។ សៀវភៅនេះក៏បានបង្ហាញ អំពីសកម្មភាពសង្គមដ៏ប្រពៃរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បូករួមទាំងប្រវត្តិតស៊ូសិក្សារបស់ឯកឧត្តមនៅឯក្រៅប្រទេសផងដែរ។ ក្រោយពីខ្ញុំបានអាន និងធ្លាប់ដឹងពីសមត្ថភាព នាកន្លងមករបស់ឯកឧត្តម ហ៊ុន ម៉ាណែត, ឯកឧត្តមពិតជាបេក្ខជនដ៏សាកសមបំផុត ដើម្បីបន្តវេនដឹកនាំប្រទេសកម្ពុជានាពេលអនាគត»

លោកបានបន្ថែម «ខ្ញុំសូមអរគុណចំពោះលោក ឆាយ សុផល ដែលបានផ្តល់ជូនសៀវភៅដ៏ល្អនេះចំនួន២០ក្បាល ហើយសៀវភៅនេះខ្ញុំចែកជូនដល់បុគ្គលិករបស់ Fresh News និងរក្សាទុកនៅបណ្តាល័យផងដែរ សម្រាប់ការស្វែងយល់បន្ថែមអំពីប្រវត្តិរបស់ឯកឧត្តម ម៉ាណែត»

នៅក្នុងឱកាសនោះដែរ លោក ឆាយ សុផល ក៏បានថ្លែងអំណរគុណចំពោះសម្តេតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ និងលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ដែលបានគាំទ្រឱ្យមានសៀវភៅនេះឡើង។

បើតាមលោក ឆាយ សុផល សៀវភៅមានដាក់នៅតាមបណ្ណាល័យខ្លះ និងបណ្ណាគារខ្លះ ព្រមទាំងចែកជូនសាកលវិទ្យាល័យមួយចំនួន និងយុវជន និស្សិតនៅរាជធានី-ខេត្ត ដើម្បីស្វែងយល់ពីអ្នកបន្តវេន៕