(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាប្រសិតពិសេសប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានបង្ហើបថា លោកគ្រោងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ជាលើកទី៣ នៅដើមខែក្រោយនេះ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្តីការក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងទស្សនកិច្ចលើកទី៣ ខ្ញុំបាននិយាយហើយ ខ្ញុំនឹងមិនបោះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ចំពោះមីយ៉ាន់ម៉ានេះទេ។ ប៉ុន្តែបញ្ហាប្រហារជីវិត ដែលទើបតែកើតមានឡើងនេះ គឺប្រទេសទាំង៩ គឺបានឯកភាពគ្នា ក្នុងការពិនិត្យមើលវឌ្ឍនភាពជាក់ស្តែង នៅក្នុងប៉ុន្មានអាទិត្យ ឬប៉ុន្មានខែខាងមុខនេះ។ ខ្ញុំគ្រោងថា ធ្វើទស្សនកិច្ចលើកទី៣ នៅដើមខែកញ្ញានេះ»

បន្ថែមលើនេះ ទន្ទឹមនឹងការប្រកាសមិនបោះបង់ចំពោះកិច្ចខិតខំដោះស្រាយបញ្ហាមីយ៉ាន់ម៉ា លោកក៏បានស្នើឲ្យគ្រប់ភាគីជម្លោះទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា ចូលតុចរចា ដើម្បីដោះស្រាយបញ្ហាផងដែរ។

សូមជម្រាបថា លោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ ចំណែកឯទស្សនកិច្ចលើកទី១ បានធ្វើឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៕