(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌បានសម្តែងការសោកស្តាយជាខ្លាំងចំពោះគណបក្សនយោបាយចំនួន៤ និងអង្គការសង្គមស៊ីវិលចំនួន១០៤ ដែលជំទាស់ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ ខ្វះភាពក្លាហានចូលជជែក និងតស៊ូមតិតាមការអញ្ជើញរបស់ក្រសួង។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ក្រសួងយុត្តិធម៌ បានអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ដែលយល់ថា ឬអះអាងថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ ប៉ះពាល់របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម ចូលជួបពិភាក្សាតទល់មុខគ្នាដោយផ្ទាល់ នៅចំពោះមុខមហាជន តាមរយៈការផ្សាយផ្ទាល់លើបណ្ដាញសារព័ត៌មានសំដៅជម្រះចោលកង្វល់មិនត្រឹមត្រូវនានា ជុំវិញការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ។

តែជាការសោកស្តាយរហូតមកដល់ពេលនេះ គណបក្សនយោបាយទាំង៤ ដែលបានដាក់ញត្តិជូនទៅរដ្ឋសភា ជំទាស់នឹងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ និងអង្គការសង្គមស៊ីវិលចំនួន១០៤ ដែលបានចេញសេចក្តីថ្លែងការណ៍សម្តែងនូវកង្វល់នានា ជុំវិញការធ្វើវិសោធនកម្មនេះ ពុំបានអញ្ជើញចូលរួមតាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌នោះទេ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៥ ខែសីហា នេះ ក្រសួងយុត្តិធម៌ បានលើកឡើងថា ប្រសិនបើគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងនោះ ពិតជាមានបំណងដោយសុទ្ធចិត្ត ដើម្បីចង់ការពាររដ្ឋធម្មនុញ្ញ, របបប្រជាធិបតេយ្យសេរីពហុបក្ស, របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម ដូចអ្វីដែលបានអះអាងពិតប្រាកដមែននោះ គួរណាស់តែតំណាងគណបក្សនយោបាយ ឬតំណាងអង្គការសង្គមស៊ីវិលទាំងនោះ អញ្ជើញតាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌ ដើម្បីស្វែងយល់ឱ្យបានត្រឹមត្រូវអំពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មលើកទី១០នេះ ឬដើម្បីលើកយកទឡ្ហីករណ៍មកតទល់ពន្យល់គ្នាទៅវិញទៅមកជាមួយក្រសួងយុត្តិធម៌ដោយមានការផ្សាយផ្ទាល់តាមបណ្តាញសារព័ត៌មាន ដើម្បីអាចឱ្យសាធារណជន អាចយល់ច្បាស់ថា តើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ពិតជាបានប៉ះពាល់ដល់របបប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម ដូចអ្វីដែលគណបក្សនយោបាយទាំង៤ ឬ អង្គការសង្គមស៊ីវិលទាំង១០៤ បានលើកឡើងនោះដែរ ឬទេ?

ក្រសួងយុត្តិធម៌ សង្ឃឹមថា តាមរយៈការបកស្រាយបំភ្លឺជាបន្តបន្ទាប់របស់តំណាងរាជរដ្ឋាភិបាល, គណបក្សនយោបាយទាំង៤ និងអង្គការសង្គមស៊ីវិលទាំង១០៤ ពិតជាអាចទទួលយកនូវការពន្យល់បកស្រាយបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលអំពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។

ក្រសួងយុត្តិធម៌ បានបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការធ្វើវិសោធនកម្មលើកទី១០ នេះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្រេចអនុម័តដោយមតិភាគច្រើនលើសពីពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ហើយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចផ្ដល់យោបល់យល់ព្រមទាំងស្រុងលើទម្រង់ច្បាប់ និងគតិច្បាប់ដោយឥតកែប្រែដោយមតិភាគច្រើនលើសពីពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នាសម័យប្រជុំលើកទី៩ នីតិកាលទី៤ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ។

ជានីតិវិធីបន្ត ច្បាប់ធម្មនុញ្ញនេះ នឹងត្រូវថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ដើម្បីទ្រង់ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើដែលជានីតិវិធីចុងក្រោយនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយអនុលោមទៅតាមនីតិវិធីជាធរមាននព្រះរាជាណាចក្រកម្ពុជា។

ក្រោយនីតិវិធីទាំងនេះបានចប់សព្វគ្រប់ រដ្ឋធម្មនុញ្ញក្រោយវិសោធនកម្មនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ជាតិ ដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ហើយទាំងប្រជាជនកម្ពុជា ទាំងគណបក្សនយោបាយទាំងអស់ ដែលទទួលបានការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាជនកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីភាពមិនជាប់គាំង និងកិច្ចដំណើរការដោយរលូន និងប្រកបដោយនិរន្តរភាពនសា្ថប័នកំពូលរបស់ជាតិ ពិសេសស្ថាប័ននីតិប្រតិបត្តិ ដែលមានបេសកកម្មដឹកនាំការងារទូទៅរបស់ជាតិ៕