(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន១២៦គ្រួសារ នៅឃុំស្រើង ស្រុកប្រាសាទសំបូរ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមការជួយឧបត្ថម្ភគាំទ្ររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។

លោក ញ៉ឹក បានខេង បានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាវីរជនឆ្នើមដែលបានជួយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ និងបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃមានតែមានរយៈពេលជាង៣ទសវត្សរ៍ ពិសេសគឺនាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋ ហើយសន្តិភាពនេះ គឺជាស្ថានភាពមួយដែលមិនអាចយករបស់ ឬវត្ថុអ្វីមួយមកដោះដូរបានជាដាច់ខាត។

លោកបានបន្តទៀតថា អ្វីដែលប្រជាពលរដ្ឋទាំងអស់ចង់បាន គឺការរួមសុខរួមទុក្ខជាមួយគ្នា ដូច្នេះហើយប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានទំនុកចិត្តខ្ពស់ទៅលើថ្នាក់ដឹកនាំទាំងអស់ ពិសេសសម្ដេចតេជោ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយឡើយ មូលហេតុទាំងអស់នេះហើយដែលធ្វើឲ្យសម្ដេចទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់។

លើសពីនេះទៅទៀត លោក ញ៉ឹក បានខេង ក៏បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមដោះស្រាយបញ្ហាវិវាទផ្សេងៗរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងកំណត់ឲ្យបានច្បាស់លាស់ សម្រាប់គ្រួសារដែលងាយរងគ្រោះ ដើម្បីមានវិធានការជួយដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានបានចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាដូសជំរុញត្រូវទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា។ នៅចុងបញ្ចប់លោកបានចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១២៦គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ និងឃីត មួយកញ្ចប់៕