(ភ្នំពេញ)៖ ជាមួយនឹងបទពិសោធន៍ជោគជាំក្នុងកិច្ចការងារដឹកនាំ និងគ្រប់គ្រងនៅតាមបណ្តាស្ថាប័នធំៗជាបន្តបន្ទាប់ លោក លឹម អូន ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ឬ ធ.ស.ក (Small and Medium Enterprise Bank of Cambodia PLC) ត្រូវបានសាកលវិទ្យាល័យ European International University ដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសប្រទេសបារាំង ទទួលស្គាល់គុណវុឌ្ឍិ ក៏ដូចជាសមត្ថភាពរបស់លោក ដោយបានសម្រេចផ្តល់ជូននូវសញ្ញាបត្របណ្ឌិតផ្នែកគ្រប់គ្រង (Professional Doctoral Certificate in Management) តែម្តង។

គណៈកម្មការវាយតម្លៃនៃសាកលវិទ្យាល័យ European International University បានលើកឡើងថា សញ្ញាបត្របណ្ឌិតនេះ ត្រូវបានផ្តល់ជូនលោក លឹម អូន បន្ទាប់ពីបានពិនិត្យឃើញយ៉ាងជាក់ច្បាស់លើស្នាដៃព្រមទាំងសមិទ្ធផលដ៏ធំធេង ដែលលោកបានរួមចំណែកក្នុងវិស័យសេដ្ឋកិច្ច ការគ្រប់គ្រងអាជីវកម្ម និងសង្គមកិច្ចពោរពេញដោយទេពកោសល្យ ចំណេះដឹង ជំនាញនិងប្រកបដោយវិជ្ជាជីវៈ។

ពិធីប្រគល់សញ្ញាបត្រនេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ប្រធានគណៈកម្មការវាយតម្លៃ និងតំណាងជាន់ខ្ពស់នៃសាកលវិទ្យាល័យ European International University និងមានការចូលរួមពីសំណាក់បេក្ខជនបណ្ឌិតរួមទាំងឥស្សរជនជាច្រើនរូប ដែលមានលក្ខណៈសម្បត្តិពេញលេញក្នុងការទទួលបាននូវសញ្ញាបត្របណ្ឌិតស្របទៅតាមបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួន។

សូមរំឮកថា មុននឹងឈានដល់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលជាធនាគារគោលនយោបាយស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត លឹម អូន ធ្លាប់បំពេញមុខងារជា ប្រធាននាយកប្រតិបត្តិ (ប្រធានអគ្គនាយក) របស់ធនាគារស្ថាបនា ដោយនៅទីនោះ លោកមានភារកិច្ចដឹកនាំ និងទទួលខុសត្រូវលើស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា ដែលមានបុគ្គលិកប្រមាណជាជាង ៤.០០០នាក់ ជាមួយនឹងសាខា ១៧០ នៅទូទាំងប្រទេសហើយមានទ្រព្យសកម្មជាង ២ពាន់លានដុល្លារអាមេរិក។

ជាងនេះទៅទៀត លោកបណ្ឌិត លឹម អូន ក៏មានបទពិសោធន៍ជាង ២០ឆ្នាំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនសវនកម្មអន្តរជាតិដោយលោកធ្លាប់ជាសវនករជាន់ខ្ពស់នៅក្រុមហ៊ុនខេភីអឹមជី នៅកម្ពុជា និងប្រទេសម៉ាឡេស៊ី ចាប់ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០២ ដោយទទួល បាននូវបទពិសោធន៍ផ្នែកសវនកម្មយ៉ាងទូលំទូលាយ។ ក្នុងឆ្នាំ២០០២ លោកបានចាប់ផ្តើមបម្រើការងារនៅធនាគារវឌ្ឍនៈ ក្នុងប្រទេសកម្ពុជា ដោយត្រូវបានតែងតាំងក្នុងមុខតំណែងជាច្រើនដូចជា៖ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់សាខាកណ្តាល ជានាយកនាយកដ្ឋានហិរញ្ញវត្ថុ និងរតនាគារ ជានាយកនាយកដ្ឋានប្រតិបត្តិការហើយចុងក្រោយលោកបានកាន់តំណែងជាអគ្គនាយករងរបស់ធនាគារវឌ្ឍនៈរហូតដល់ចុងឆ្នាំ២០១២។

បន្ទាប់មក លោកបណ្ឌិតបានចូលបម្រើការងារនៅក្នុងធនាគារស្ថាបនា ក្នុងតួនាទីជាអគ្គនាយកប្រតិបត្តិការក្នុងខែធ្នូ ឆ្នាំ២០១២ ក្រោយមកត្រូវបានដំឡើងជាអនុប្រធាននាយកប្រតិបត្តិក្នុងខែធ្នូ ឆ្នាំ២០១៤ និងជាប្រធាននាយកប្រតិបត្តិ (ប្រធានអគ្គនាយក) របស់ធនាគារស្ថាបនា ដែលជាតំណែងកំពូលក្នុងឆ្នាំ២០១៩។

ឆ្លងកាត់រយៈពេលជាង ២០ឆ្នាំក្នុងការបំពេញការងារនេះហើយទើបនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកបណ្ឌិត លឹម អូន ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្តល់ទំនុកចិត្តតែងតាំងរូបលោកជា សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ឬ ធ.ស.ក តាមរយ:អនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ១៧ សីហា ឆ្នាំ២០២១៕