(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះទ័យប្រោសប្រទានសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។

សម្តេចព្រះមហាក្សត្រី បានកោតសរសើរដ៏កក់ក្តចំពោះសម្តេចតេជោ ជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិមានគុណបំណាច់ដ៏ឧត្តុង្គឧត្តម ជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។

សម្តេចព្រះវររាជមាតាជាតិខ្មែរ សព្វព្រះទ័យប្រសិទ្ធពរ ជូនសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕