(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះគឺបំពេញភាពខ្វះចន្លោះ ដោយពុំបានធ្វើឱ្យបាត់បង់តួនាទី និងអំណាចរបស់សភានោះទេ ហើយវិសោធនកម្មលើកនេះ ប្រហែលជាវិសោធនកម្មលើកចុងក្រោយ។

ថ្លែងក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាដូច្នេះថា៖ «យើងតួនាទីសភាគ្របដណ្តប់ ពិតមែនតែព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្រ្តី ប៉ុន្តែអ្នកបង្កើតរដ្ឋាភិបាល គឺរដ្ឋសភា អ្នករំលាយរដ្ឋាភិបាល គឺរដ្ឋសភា បើរដ្ឋសភាអត់បោះឆ្នោតផ្តល់សុពលភាពទេ ព្រះមហាក្សត្រតែងតាំងក៏អត់មានសុពលភាពទេ ព្រោះនាយករដ្ឋមន្រ្តី នាំសមាជិករដ្ឋាភិបាលទៅ ហើយមិនទទួលបានសេចក្តីទុកចិត្តពីរដ្ឋសភាផង អញ្ចឹងតើបាត់បង់តួនាទីសភាទៅណាទៅអស់លោក ឬអស់លោកនិយាយគ្រាន់តែឱ្យឮ»

 សម្តេចតេជោ បានបន្តថា «អស់លោកកុំគិតស្មានថា អស់លោកមានសញ្ញាបត្របណ្ឌិត ហើយគេមិនចេះជាងអស់លោក យើងខ្ញុំមិនមែនគ្រាន់តែជាអ្នក អនុវត្តទេ ក៏ប៉ុន្តែយើងខ្ញុំក៏ជាអ្នករួមចំណែកបង្កើតច្បាប់ បង្កើតរដ្ឋធម្មនុញ្ញ។ អស់លោកថា រង់ចាំបន្តិចទៀតធ្វើប្រជាមតិ ចុះកាលពីមុនធ្វើមួយគគោកម្តេចមិនធ្វើប្រជាមតិផង ឥឡូវកំពុងតែកូវីដផងអីផង ធ្វើឱ្យស្រូតទៅលឿនឆាប់ ធ្វើលើកនេះប្រហែលជាលើកចុងក្រោយហើយ ព្រោះធ្វើដើម្បីបំពេញចន្លោះប្រហោង ដែលនៅខ្វះ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៕