(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ខណៈដែលពិភពលោកកំពុងមានជម្លោះ សូម្បីតែការរៀបចំកៅអីសម្រាប់រដ្ឋមន្រ្តីការបរទេស ដែលមកប្រជុំក្នុងក្របខណ្ឌអាស៊ាន នៅរាជធានីភ្នំពេញ ក៏មានការលំបាកដែរ ដោយសារតែរដ្ឋមន្ត្រីការបរទេសខ្លះមិនចង់អង្គុយជិតគ្នា។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២ ថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

អំឡុងពេលរៀបចំកិច្ចប្រជុំក្របខណ្ឌអាស៊ានេះ លើពិភពលោកមានបញ្ហាធំៗជាច្រើន ដែលកំពុងកើតមាន ដូចជា បញ្ហាភាពតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់ បញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «ពិតមែនហើយ ខ្ញុំក៏គួរតែនិយាយបន្តិចថា មិត្តភក្តិរបស់យើងសុទ្ធតែមានការអធ្យាស្រ័យដល់យើង ដោយយល់ឃើញថា ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ២០២២នេះ មានរឿងច្រើនហួស ដែលមិនធ្លាប់មានពីមុនមក។ អញ្ចឹងសូម្បីតែរឿងរៀបចំកៅអីអង្គុយក៏ពិបាកដែរ ព្រោះឥឡូវកំពុងតែមានជម្លោះនៅអឺរ៉ុប មានជម្លោះនៅកន្លែងមួយចំនួន ដូច្នេះគេមិនចង់អង្គុយជិតគ្នា»

សម្តេចតេជោបន្តថា «មិនមែនជារឿងងាយស្រួលទេ។ ហើយការធ្វើសេចក្តីថ្លែងការណ៍ ក៏មិនមែនជាការស្រួលដែរ។ ប៉ុន្តែយើងសម្របសម្រួល អាចធ្វើទៅបាន»

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំក្របខណ្ឌអាស៊ាន មានកិច្ចប្រជុំសំខាន់ៗ ចំនួន២ ដែលមានមហាអំណាចចូលរួម ក្នុងនោះ រួមមាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១២ (12th East Asia Summit Foreign Ministers’ Meeting) និងវេទិកាតំបន់អាស៊ានលើកទី២៩ (29th ASEAN Regional Forum) ។

* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១២ ត្រូវដំណើរការនៅវេលាម៉ោង ០៩៖០០នាទី រហូតដល់ម៉ោង ១១៖៣០នាទី។ កិច្ចប្រជុំកំពូលអាស៉ី-បូព៌ា (EAS) មានសមាជិកចំនួន ១៨ប្រទេស រួមមាន៖ សមាជិកអាស៊ានទាំង ១០ (ASEAN Countries) អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ សាធារណដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រុស្ស៉ី និងអាមេរិក។

* កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ ចាប់ផ្តើមនៅវេលាម៉ោង ១៤៖០០ រសៀល រហូតដល់ម៉ោង ១៧៖១៥ នាទី។ វេទិកាតំបន់អាស៊ាន (ARF) មានសមាជិក ២៧ប្រទេស សមាជិកអាស៊ានទាំង ១០ (ASEAN Countries) ដៃគូសន្ទនារបស់អាស៊ាន ចំនួន ១០ប្រទេស (ASEAN Dialogue Partners) រួមមាន អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ (ឬកូរ៉េខាងត្បូង) រុស្ស៉ី និងអាមេរិក និងបូកប្រទេស ៧ទៀត រួមមាន បង់ក្លាដេស សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ឬកូរ៉េខាងជើង) ម៉ុងហ្គោលី ប៉ាគីស្ថាន ស្រីលង្កា ប៉ាពូញូវហ្គីណេ និងទីម័រខាងកើត។

សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២។

អំឡុងពេលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយសារតែមានការបិទផ្លូវមួយចំនួនសម្រាប់គណៈប្រតិភូ មកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា អំឡុងកិច្ចប្រជុំប្រធានអាស៊ានេះ កម្ពុជាមានមហិច្ឆតាចង់ឲ្យមានលេខាធិការដ្ឋាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) មួយ នៅរាជធានីភ្នំពេញ៕