(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភ្នំពេញ។

ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជាជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។

ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត។ ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងឥតសន្សំសំចៃកម្លាំងកាយចិត្ត និងបញ្ញាញាណ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដែលរុំព័ទ្ធដោយផ្សែងនៃភ្លើងសង្គ្រាម រុំព័ទ្ធដោយភាពក្រីក្រ ក្លាយទៅជាប្រទេសមួយមានសុខសន្តិភាព មានការអភិវឌ្ឍ និងទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងមុតស្រួច សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាងើបចេញពីឋានៈប្រទេសក្រីក្រ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យមកនៅទាបបំផុតនាពេលបច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ប្រែពីប្រទេសដុនដាបអ័ព្ទឱនដោយភ្លើងសង្គ្រាម ក្លាយទៅជាប្រទេសមានកិត្តិនាម និងកិត្តិស័ព្ទល្បីល្បាញ រន្ទឺខ្ទរខ្ទារជាថ្មីនាពេលបច្ចុប្បន្ននេះ។

ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា។

របាយការណ៍របស់សាកលវិទ្យាល័យ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ទេពកោសល្យដ៏ប៉ិនប្រសប់ និងទស្សនវិស័យច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំឱ្យកាន់តែមានភាពល្បីល្បាញទាំងក្នុងកម្រិតជាតិ និងអន្តរជាតិនោះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានគោរពស្នើសុំការអនុញ្ញាតដ៏ខ្ពងខ្ពស់បំផុត ដើម្បីប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍» ជូនសម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់កំពូលរបស់ជាតិដំបូងគេ ក្នុងន័យជាការតបស្នងសងគុណ និងដឹងគុណជានិច្ចនិរន្តរ៍ចំពោះកិច្ចខិតខំប្រឹងប្រែងដែលមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសរំលេចថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍នេះ គឺជាការទទួលស្គាល់ពីកម្រិតអប់រំខ្ពស់បំផុតរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនឹងផ្តល់ជូនដល់ឥស្សរជនជាន់ខ្ពស់ និងបុគ្គលល្បីៗដែលមានកិត្តិយសខ្ពស់បំផុត និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ និងភាពខុសគ្នានៅក្នុងវិស័យ ឬសកម្មភាពដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។ តាមគោលការណ៍ និងដំណើរការពិនិត្យវាយតម្លៃរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តម្រូវឱ្យបេក្ខជនមានការគាំទ្រ និងស្នើឡើងមកសាកលវិទ្យាល័យដោយបញ្ញវន្តរបស់សាកលវិទ្យាល័យចំនួនពីររូបយ៉ាងតិច។

លោករដ្ឋមន្ត្រីបន្តថា ក្រោយពីទទួលបានសំណើជាផ្លូវការក្នុងការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ជូនដល់បេក្ខជនសម្តេចតេជោ ហ៊ុន សែន ក្រុមប្រឹក្សាអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចប្រជុំវាយតម្លៃយ៉ាងយកចិត្តទុកដាក់តាមនិយាមគុណភាពអប់រំ និងភាពលេចធ្លោក្នុងវិស័យជំនាញ ដែលបានស្នើឡើង។ ការពិនិត្យវាយតម្លៃបានធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗដូចខាងក្រោម៖
១៖ សមិទ្ធផល និងវិជ្ជាជីវៈផ្ទាល់ខ្លួនរបស់បេក្ខជន
២៖ ភាពច្នៃប្រឌិត ដែលលេចធ្លោក្នុងការបម្រើឱ្យសង្គមមនុស្សជាតិ
៣៖ ភាពជាអ្នកដឹកនាំក្នុងវិស័យវិជ្ជាជីវៈ និងសង្គម
៤៖ ភាពល្បីល្បាញនៅថ្នាក់ជាតិ កម្រិតតំបន់ និងអ្នកអន្តរជាតិលើវិស័យដែលស្នើឡើង
៥៖ ការតាំងចិត្ត និងការអនុវត្តកន្លងមកចំពោះការអភិវឌ្ឍជាតិ និងការអប់រំ
៦៖ ការឆ្លុះបញ្ចាំងពីបេសកកម្ម តម្លៃស្នូល តម្លៃបញ្ញា និងស្មារតីរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ជាមួយគ្នានេះ គណៈកម្មការបានពិនិត្យយ៉ាងហ្មត់ចត់នូវស្នាដៃទាំងឡាយរបស់បេក្ខជន សម្តេចតេជោ ហ៊ុន សែន និងបានឯកភាពគ្នាជាឯកច្ឆន្ទសម្រេចនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ថា ស្នាដៃរបស់បេក្ខជន សម្តេចតេជោ ហ៊ុន សែន ក្នុងផ្នែកអភិវឌ្ឍន៍មានលក្ខណៈខ្ពង់ខ្ពស់ ឧត្តុងឧត្តម និងមានតម្លៃដ៏លើសលប់ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និងសង្គមក្នុងកម្រិតខ្ពស់បំផុតសម្រាប់ទទួលនូវការប្រគល់ជូនពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនូវសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកអភិវឌ្ឍន៍»។

សូមបញ្ជាក់ថា ដោយការមើលឃើញពីស្នាដៃដឹកនាំដ៏ខ្លាំងពូកែរបស់សម្តេចតេជោ ហ៊ុន សែន មានសាកលវិទ្យាល័យ អង្គការស្ថាប័នជាតិ តំបន់ និងអន្តរជាតិជាច្រើន បានផ្តល់ជាសញ្ញាបត្រ ផ្តល់ជាមេដាយផ្សេងៗបញ្ជាក់ពីការទទួលស្គាល់នូវស្នាដៃរបស់សម្តេចតេជោ ក្នុងកិច្ចប្រឹងប្រែងកសាងជាតិមាតុភូមិ។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ទទួលបានមេដាយនានា ទទួលស្គាល់លើកិច្ចប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកបាននូវសុខសន្តិភាពសម្រាប់កម្ពុជា និងការចូលរួមចំណែកកសាងសន្តិភាព ស្ថិរភាពសម្រាប់តំបន់ និងពិភពលោកផងដែរ៕